«ក្តាមថ្មកោះកុង បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងប្រហុកសៀមរាប» ត្រូវបានក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលឆាប់ខាងមុខនេះ។ នេះបើតាមសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម ក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ និងចងក្រងផលិតផលសក្តានុពល ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “ក្តាមថ្មកោះកុង” “បង្គាក្រៀមកំពង់សោម” “បង្គាក្រៀមកោះកុង” និង “ប្រហុកសៀមរាប” ក៏ដូចជាម៉ាកសមូហភាព រួមមាន សូត្រខ្មែរ អង្ករស្មាច់ស្វាយរៀង ធុរេន សំឡូត មៀនប៉ៃលិន អង្ករនាងអំ ស្មូនឆ្នាំងដីកំពង់ឆ្នាំង និងចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ផងដែរ។
កាលពីកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយភាគីពាក់ព័ន្ធក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុងនិងក្រប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលក្នុងនោះយើងបានសហការសម្របសម្រួលលើការចុះបញ្ជីម៉ាកនេះដូចជា “បង្កងតាកែវ” “ទឹកត្រីកំពតកែប” “SKO & Device” លើប្រភេទអង្ករសែនក្រអូប “DSMK & Device” លើប្រភេទអង្ករដំណើបស្បៃមង្គល “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” “ដូងខ្ទិះបាត់ដំបង” ជាដើម បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពល្បីៗជាច្រើនដែលក្រសួងបានចុះរួចមកហើយ។
គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួន ៦,១៣៥ ដែលក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាកផងដែរ៕