រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងគាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងសហភាពអឺរ៉ុបបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការស្តីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចុះថ្ងៃទី៨ខែធ្នូឆ្នាំ២០២២ សម្រាប់គ្រប់គ្រងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិហិរញ្ញវត្ថុ មានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលមួយ នៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ពោលគឺកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធដែលផ្តោតលើធាតុចូល និង មានលក្ខណៈមជ្ឈការឆ្ពោះទៅប្រព័ន្ធដែលផ្តោតលើធាតុចេញ ឬ លទ្ធផល និងវិមជ្ឈការ។ សមិទ្ធផលដ៏ត្រចះត្រចង់នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី ១ រហូតមកដល់បច្ចុប្បន្ន បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចសន្សំ និង បង្ហូរថវិកាកាន់តែច្រើន ទៅកាន់វិស័យអាទិភាព ក៏ដូចជាអាចបង្កើនយ៉ាងច្រើន នូវធនធានវិនិយោគសាធារណៈក្នុងស្រុក, ពិសេស លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ដែលជាប្រការជួយលើកស្ទួយមួយកម្រិត ដល់ឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា ។

លោកបន្តថា ក្នុងរយៈពេលប្រមាណ ៣ ឆ្នាំ នៃវិបត្តិជំងឺកូវីដ-១៩ កន្លងទៅ, រាជរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយ និង វិធានការអន្តរាគមន៍ទាំងឡាយ សំដៅជួយរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាការរក្សាលំនឹងធុរកិច្ចរបស់វិស័យឯកជន ដែលបាន និងកំពុងបន្តទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងបន្តខិតខំដោះស្រាយបញ្ហាប្រឈម និង ហានិភ័យផ្នែកម៉ាក្រូសេដ្ឋកិច្ចនានា, ជាពិសេសផលប៉ះពាល់ពីវិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន ដែលនេះបានរុញអត្រាអតិផរណាឱ្យកើនឡើងកាន់តែខ្ពស់ ជាអាទិ៏ ការឡើងថ្លៃប្រេងឥន្ធនៈ, ចំណីអាហារ, ជីកសិកម្ម និង ទំនិញស្ទើរគ្រប់ប្រភេទ, ទាំងតាមរយៈគោលនយោបាយសារពើពន្ធ និង គោលនយោយគន្លឹះផ្សេងទៀត ។ ន័យនេះ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និង កែលម្អជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។

លោកលើកឡើងថា នៅក្រោមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានរៀបចំស្រេចបាច់ដោយក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ដោយបានឆ្លងកាត់ការពិគ្រោះដោយក្រុមការងារជំនាញនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ដោយបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយដៃគូនិង តួអង្គពាក់ព័ន្ធ ហើយត្រូវបានអនុម័តដោយកិច្ចប្រជុំនឹងត្រូវបានគណៈរដ្ឋមន្ត្រីពេញអង្គ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ។ នៅថ្ងៃស្អែកនេះ,នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចូលរួមប្រជុំជាមួយគណៈកម្មការទី ២ រដ្ឋសភា ដើម្បីពិនិត្យ និង ពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ។

លោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធមុន្នីរ័ត មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថាយ៉ាងយូរ ក្នុងត្រីមាសទី ២ ឆ្នាំ ២០២៣, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ច្បាប់ថ្មីនេះ គឺជាក្របខណ្ឌគតិយុត្តមួយកំណត់អំពីគោលការណ៍ជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កំណត់អំពីមុខងារនិង ការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាការផ្ទេរសិទ្ធិអំណាចផ្ទៃក្នុង និង ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន ចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា ក្នុងក្របខណ្ឌនៃកញ្ចប់ថវិការបស់ខ្លួន ដើម្បីបំពេញបេសកកម្មបម្រើឱ្យគោលបំណងនៃគោលនយោបាយរបស់រាជរដ្ឋភិបាល លើមូលដ្ឋាននៃប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ។

លោកបន្តថា សមិទ្ធផលដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងសម្រេចបានដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ឡើយ ។ ជាក់ស្ដែងពិធីដាក់ឱ្យអនុវត្តជាផ្លូវការ នូវ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជានិង សហភាពអឺរ៉ុប សម្រាប់គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ នាឱកាសនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងសហភាពអឺរ៉ុបជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕ អត្ថបទ៖សារេត