«អ្នកឧកញ៉ា ឧកញ៉ា» ងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ប្រទានដល់អ្នកមានអាជីវកម្មសុច្ចរិត

ជុំវិញ​ឧកញ៉ា

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា ឧកញ៉ា» បន្តធ្លាក់មកជាបន្តបន្ទាប់ ដែលមានចំនួនប្រមាណជាង ១ពាន់នាក់ នៅត្រឹមដើមឆ្នាំ២០២៣នេះ មានការដកងារនេះពីអ្នកខ្លះ ដែលប្រព្រឹត្តមិនគប្បី ឬទទួលមរណភាពក្តី។ ការបន្តធ្លាក់ព្រះរាជក្រឹត្យនេះដោយផ្អែកទៅតាមលក្ខន្តិកៈកំណត់ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បន្ទាប់ពីបរិច្ចាគធនធានផ្ទាល់ខ្លួនក្នុងបរិមាណកំណត់ ដើម្បីកសាងសមិទ្ធផលជាប្រយោជន៍ដល់សង្គមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពាក្យ«ឧកញ៉ា» ជាគោរម្យងារ នៃមន្ត្រីដែលមានបណ្ដាសក្ត័ថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលមានឋានន្តរស័ក្តិ ឧកញ៉ា មានបីថ្នាក់ «លោកអ្នកឧកញ៉ា/អ្នកឧកញ៉ា/ឧកញ៉ា» ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ តាមរយៈការស្នើសុំពីនាយករដ្ឋមន្រ្តី។ តែសម្រាប់ឋានន្តរស័ក្តិ «លោកអ្នកឧកញ៉ា» នៅ ៣០ឆ្នាំចុងក្រោយនេះ មិនទាន់ឃើញមានសប្បុរសជនទទួលបាននៅឡើយទេ ខណៈដែលឋានន្តរស័ក្តិ ងារជា«អ្នកឧកញ៉ា ក៏មានចំនួនតិចតួចនៅឡើយ ដោយឡែកសម្រាប់ ឋានន្តរស័ក្តិងារជា «ឧកញ៉ា» មានចំនួនច្រើនគួរឲ្យកត់សម្គាល់។

ចំពោះ គោរមងារ «ឧកញ៉ា» ដែលទទួលបានពីព្រះមហាក្សត្រ កាលពីអំឡុងឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ មានដូចជា លោក សុខ គង់, លោក លឹម ហុងឈាង, លោក លាវ ម៉េងឃីម, លោក ថៃ សេងឡុង, លោក គិត ម៉េង, លោក ញឹម វណ្ណដា, លោក ម៉ុង ឬទ្ធី, លោក ប៉ោ សំអឿន, លោក គន់ គីម, លោក អ៉ឹង ប៊ុនហ៊ូវ, លោក អូស្មាន ហាស្សាន់, លោក លី សាយឃាង, លោក គិត ធៀង ជាដើម។

ចំណែក អ្នកឧកញ៉ា ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិចាគទ្រព្យធន វិភាគទានចូលរួមចំនែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយស ជាអ្នកឧកញ៉ា។

បើតាមសៀវភៅរាជកិច្ច ដែលចេញផ្សាយដោយទីស្តីការគណៈរដ្ឋមន្រ្តី នៅអំឡុងឆ្នាំ២០០០ មានសប្បុរសជន ២រូបទទួលបានគោរមងារ «អ្នកឧកញ៉ា» ដោយមិនធ្លាប់មានប្រវត្តិទទួលងារ «ឧកញ៉ា» គឺលោក ហេង ខេងសេង និងលោក ហ៊ុន តូ នៅថ្ងៃទី៦ ខែឧសភាព ឆ្នាំ២០០០។ នៅឆ្នាំ២០០០-២០០២ ព្រះមហាក្សត្រក៏បានផ្តល់គោរមងារឧកញ៉ា ជូនដល់សប្បុរសជនប្រមាណ ៤៩រូប ក្នុងនោះមាន៖ លោក សូ ងួន, លោក សៀង ណាំង, លោក លឹម ប៊ុនសួរ, លោក វិញ ហួរ, លោក តូនី តាន់ឌីហ្សូណូ, លោក កុក វិញ, លោក ស៊ន សុខណា, លោក លឹម រស់, លោក តែ តាំងប៉រ, លោកស្រី សៀង ចាន់ហេង, លោក ថោង សារ៉ាត់, លោក ចម ប្រសិទ្ធ, លោក ហុង ពីវ, លោកស្រី កែវ ម៉ាលី ខណៈដែលបច្ចុប្បន្នសប្បុរសជនខ្លះក៏ទទួលបានគោរមងារ «អ្នកឧកញ៉ា» រួចហើយផងដែរ។

នៅរយៈពេល ៤ឆ្នាំចុងក្រោយនេះ សប្បុរសជន ពាណិជ្ជករដែលកំពុងរស៊ីនៅប្រទេសកម្ពុជា ជាច្រើនរូបដែលត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទូលថ្វាយព្រះមហាក្សត្រ ផ្តល់គោរមងារ «អ្នកឧកញ៉ា» ដូចជា៖ ឧកញ៉ា គិត ម៉េង, ឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង ឃុន, ឧកញ៉ា លាង ម៉េង, ឧកញ៉ា ហេង សៀ, ឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា លី ហួរ, ឧកញ៉ា សំ អាង, ឧកញ៉ា ឈុន លាង, ឧកញ៉ា សំអាង វឌ្ឍនៈ, ឧកញ៉ា សៀ ឬទ្ធី, ឧកញ៉ា គួច ម៉េងលី, ឧកញ៉ា ជា រតនា, ឧកញ៉ា លី ឃុនថៃ, ឧកញ៉ា លី សេងឃាង ជាដើម។

ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃចំពោះគោរមងារ «ឧកញ៉ា» តម្លៃ ៥០ម៉ឺនដុល្លារ ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។ បើទោះបីជាអតិផរណាងារឧកញ៉ានៅកម្ពុជា មានបរិមាណកើនឡើងជារៀងរាល់ឆ្នាំពិតមែនក្តី ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ គេសង្កេតឃើញថា តម្លៃនៃបុគ្គលជាឧកញ៉ា ក៏ធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរ ដោយបុគ្គលខ្លះប្រព្រឹត្តិទង្វើមិនគប្បី ឬការចោទប្រកាន់ទៅលើឧកញ៉ាមួយចំនួនថាប្រព្រឹត្តខុសឆ្គង បានធ្វើឲ្យតម្លៃរបស់ឧកញ៉ានៅកម្ពុជាធ្លាក់ចុះ។

គួររម្លឹកថា កាល​ពី​ឆ្នាំ​២០១៩ សម្តេចតេជោ ហ៊ុន សែន​ បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​មិន​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ដែលមាន​ទាហាន នគរបាល និង​កង​រាជ​អាវុធ​ហត្ថ មាន​ងារ​ជា​ឧកញ៉ា ដោយ​ត្រូវ​ជ្រើស​រើស​ត្រូវ​យក​គោរម​ងារ​ជា​ឧកញ៉ា​ឬ​យក​តួនាទី​របស់​ខ្លួន។ បញ្ជាយ៉ាងដូច្នេះ​របស់​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើងក្រោយ​មើល​ឃើញ​ថា​បុគ្គល​មាន​គោរមងារ​ឧកញ៉ា​មួយ​ចំនួន​បានយក​តួនាទី​ទាំង​នេះ​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់។

ក្រោយកើតមានបាតុភូមិនល្អកើតឡើងចំពោះតម្លៃនៃគោរមងារ «អ្នកឧកញ៉ា ឧកញ៉ា» នៅព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង ដើម្បី​រៀប​ចំ​ឯកសារ​នានា​ទាក់​ទង​នឹង​គោរម​ងារ​ឧកញ៉ា ក្នុង​គោល​ដៅ​ធានា​តម្លៃ​នៃ​គោរមងារ​ដែលព្រះ​រាជ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​សម្រាប់​បុគ្គល​ដែលបាន​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ។

បើតាមសេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​៩ ខែ​មេសា​ ឆ្នាំ​២០២១ ចុះហត្ថលេខាដោយសម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​នេះ គឺ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ច្បាប់ រៀប​ចំ​បែប​បទ និង​នីតិ​វិធី​នៃ​ការ​គ្រប់​គ្រង​ឧកញ៉ា ការ​ស្នើ​សុំ​ផ្តល់​គោរម​ងារ​ឧក​ញ៉ា អ្នក​ឧក​ញ៉ា និង​ការ​ដក​ហូត​គោរមងារ​នេះ។

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីបន្តពិនិត្យ និងពិភាក្សាលើ​សេច​ក្តី​​ព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា ដែលដឹកនាំដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត​​សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

លោក ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះ កន្លងមកបានបើកកិច្ចប្រជុំពិនិត្យ និងភាក្សាជាច្រើនលើករួចមកហើយ កិច្ចប្រជុំលើកនេះអង្គប្រជុំនឹងបន្តពិនិត្យពិភាក្សាទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ៉ានៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា ព្រះរាជ្យក្រឹត្យនេះមាន​ភាពចាំបាច់​ចំពោះ​ជាតិ គឺ ទី១ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ ហើយទី២ ធានានូវតម្លៃ នៃការប្រើប្រាស់​មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាល​ណែនាំឱ្យមានការរៀបចំ​សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ានេះឡើង។

សូមជម្រាបថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះ មាន ១០ជំពូក និង ២៦​មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបាន​គោរមងារ​ឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕