ធនាគារជាតិ និងអគ្គស្នងការដ្ឋាននរបាលជាតិ នឹងចាត់វិធានការចំពោះការផ្តល់ឥណទាន និងការផ្សព្វផ្សាយសេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ដល់ការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការរួមរវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយសារមានករណីសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុ ជាពិសេសសេវាឥណទានតាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាអិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ជាការធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គមតាមរយៈ ការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនិងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ បើតាមសេចក្តីថ្លែងការណ៍រួម ការណ៍នេះ ជាហេតុដែលបានជះឥទ្ធិពលដល់ស្ថេរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកប អាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់និងបទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះស្ថានទាំងនេះត្រូវបានការពារដោយច្បាប់។

ទន្ទឹមនឹងនោះដែរ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសំណូមពរដល់ ប្រជាពលរដ្ឋត្រូវចៀសវាងដាច់ខាតចំពោះការខ្ចីប្រាក់ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការដែលពុំមាន ការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា៕