លោក Yoon និងជំទាវទីមួយកូរ៉េខាងត្បូង ផ្តល់ភាពកក់ក្តៅដល់កុមារកម្ពុជាម្នាក់ ក្រោយវះកាត់បេះដូងជោគជ័យ

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយា លោកស្រី Kim Keon Hee បានអញ្ជើញកុមារកម្ពុជា ឈ្មោះ អោក រដ្ឋា ដែលទទួលបានការវះកាត់បេះដូងជោគជ័យ នៅក្នុងប្រទេសកូរ៉េ ទៅកាន់ការិយាល័យប្រធានាធិបតី កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក Kim Eun-hye ប្រធានផ្នែកទំនាក់ទំនងសាធារណ:របស់ការិយាល័យប្រធានាធិបតី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃនោះថា លោក Yoon និងជំទាវទីមួយរបស់កូរ៉េខាងត្បូង លោកស្រី Kim បានផ្តល់កិត្តិយស ដើម្បីជួបសំណេះសំណាលជាមួយកុមារា រដ្ឋា ដែលកំពុងរៀបចំធ្វើដំណើរត្រលប់ទៅផ្ទះ នៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបញ្ចប់ការវះកាត់ជំងឺបេះដូងដោយជោគជ័យ ។

គួរឱ្យដឹងផងដែរថា លោកស្រី Kim បានជួបជាមួយ រដ្ឋា ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ក្នុងឱកាសដែលលោក Yoon បានធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល G20 ។

រដ្ឋា ដែលកើតជំងឺបេះដូងពីកំណើត បានទទួលការវះកាត់រួចម្តងហើយ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៨ ប៉ុន្តែគេមិនបានបន្តទទួលបានការព្យាបាលទៀតនោះឡើយ ដោយសារស្ថានភាពគ្រួសារលំបាក ហើយត្រូវការវះកាត់បន្ថែម។

ដោយក្តីអាណិត លោកស្រី Kim ក៏បានសម្រេចចិត្តជួយ រដ្ឋា ឱ្យទទួលបានការវះកាត់ និងសម្រាកព្យាលបាល នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Asan ក្នុងទីក្រុងសេអ៊ូល ចាប់តាំងពីដើមខែធ្នូមក ។

យ៉ាងណាមិញ ជំនួបនៅក្នុងការិយាល័យប្រធានាធិបតី កាលពីថ្ងៃអង្គារកន្លងទៅនេះ គឺជាការសាទរចំពោះការវះកាត់ដោយជោគជ័យរបស់រដ្ឋា ដោយលោកស្រី Kim ក៏បានសម្តែងការដឹងគុណ និងកោតសរសើរចំពោះបុគ្គលិកពេទ្យ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ដែលបានខិតខំជួយកុមារកម្ពុជារូបនេះ ​ឱ្យជាសះស្បើយ។

ជាងនេះទៅទៀត មុនពេលវិលត្រលប់ទៅកាន់ប្រទេសកម្ពុជាវិញ លោក Yoon និងភរិយាក៏បានផ្តល់សម្ភារ:មួយចំនួន ទៅកាន់ រដ្ឋា ខណ:លោក Yoon ថែមទាំងបានឆ្លៀតចំណាយពេលលេងបាល់ទាត់ជាមួយរដ្ឋា នៅក្នុងបន្ទប់ការិយាល័យថែមទៀតផង៕