រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងចំណាយជិត ៣២ ពាន់លានដុល្លារបន្ថែម ដើម្បីប្រើប្រាស់ក្នុងជំនួយសង្គម

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូនេស៊ី ក្នុងពេលថ្មីៗកន្លងទៅនេះ បានបង្ហាញពីផែនការក្នុងការចំណាយថវិការហូតដល់ទៅ ៤៧៦ ទ្រីលានរូពី ឬប្រមាណ ៣១,៨ ពាន់លានដុល្លារ ក្នុងការប្រើប្រាស់ទៅលើជំនួយសង្គម បើទោះបីជាប្រទេសខ្លួន កំពុងទទួលបានភាព​ធូរ​ស្បើយពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយថា បើទោះបីជាមានភាពធូរស្រាលពីជំងឺរាតត្បាតសកលនេះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលរបស់លោក នឹងមិនទាន់ធ្វើការលុបចោលភ្លាមៗ នូវវិធានការចំណាយដ៏ច្រើនរបស់ខ្លួន ទៅលើកម្មវិធីសង្គម ក្នុងគោលបំណងជួយដល់ប្រជាជន និងអាជីវកម្ម ដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់ ដែលបង្ករដោយជំងឺកូវីដ-១៩ ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយនេះ នោះឡើយ។

លើសពីនេះ ដោយថ្លែងនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ ប្រធានាធិបតីលោក Widodo បាននិយាយទៀតថា បន្ទាប់ពីបានលុបចោលច្បាប់រឹងបន្តឹងកូវីដ-១៩ កាលពីចុងឆ្នាំ ២០២២ មក ឥឡូវនេះ ប្រទេសឥណ្ឌូនេស៊ី កំពុងស្ថិតនៅក្នុងដំណាក់កាលមួយ ដែលនៅតែបន្តរក្សាការប្រុងប្រយ័ត្ន ជាពិសេសក្នុងការសម្រេចចិត្តទៅលើវិធានការស្តាសេដ្ឋកិច្ចឡើងវិញ ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ថវិកាចំនួន ៤៧៦ ទ្រីលានរូពី នឹងត្រូវប្រើប្រាស់ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីសង្គមផ្សេងៗ ដូចជាការផ្គត់ផ្គង់អាហារសំខាន់ៗ ក៏ដូចជាជំនួយសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប និងការបង្កើតការងារជូនពលរដ្ឋផងដែរ ។

ជាងនេះទៅទៀត រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏នឹងធ្វើការបែងចែកថវិកាចំនួន ១៧៨,៧ ទ្រីលានរូពីផ្សេងទៀត សម្រាប់កម្មវិធីថែទាំសុខភាព ដែលនឹងត្រូវដាក់បញ្ចូលតាមរយ:ក្រសួងសុខាភិបាល ទីភ្នាក់ងារត្រួតពិនិត្យថ្នាំ និងអាហារ រួមទាំងទីភ្នាក់ងារប្រជាជនជាតិ និងផែនការគ្រួសារផងដែរ ៕