លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG បានប្រកាសថា លោកនឹងផ្តល់រង្វាន់ផ្ទះវីឡាមួយ រថយន្តទំនើបមួយគ្រឿង និងផ្តល់ថវិកាប្រចាំខែ រយៈពេល១០ឆ្នាំ បើសិនជាមានអ្នកប្រដាល់ខ្មែររូបណា ដែលអាចវ៉ៃឈ្នះលើអ្នកប្រដាល់ថៃ ប៊ូខាវ បានចាមេគ (Buakaw Banchamek)។
ការប្រកាសផ្តល់រង្វាន់របស់លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃនេះ គឺបន្ទាប់ពីលោកឧកញ៉ា បានឃើញវីដេអូក្នុងសន្និសីទកាសែតមួយ ដែលអ្នកប្រដាល់ ប៊ូខាវ បាននិយាយថា រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ ថៃមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន ដូច្នេះប្រជាជនថៃកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះ «Muay Thai» របស់ថៃយើង Original “លេខ ១” ទៅហើយ។
ឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា ជាសំដីចេញពីមាត់ប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ។ ក្នុងនាមលោកជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ លោកជឿជាក់ថាខ្មែរក៏មានអ្នកខ្លាំងដែរ ហើយបើខ្មែរវ៉ៃប៊ូខាវឈ្នះ លោកនឹងឱ្យផ្ទះវីឡាមួយតម្លៃ ២៧ម៉ឺនដុល្លារ ឡានទំនើបមួយគ្រឿង និងថវិកាបន្ថែមប្រចាំខែ រយៈពេល ១០ឆ្នាំ។ លោកឧកញ៉ា បានបន្ថែមថា នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីជាតិរបស់យើង។ ខ្ញុំស្រឡាញ់កម្ពុជា (I Love Cambodia)។
សូមជម្រាបថា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើឡើងនៅដើមខែឧសភា ខាងមុខនេះ កម្ពុជាបានសម្រេចប្តូរឈ្មោះប្រដាល់ Muoy (Thai) ទៅជាប្រដាល់គុនខ្មែរ (Kun Khmer) ដែលជាក្បាច់គុនបុរាណខ្មែរ ហើយក៏បង្ហាញពីកីឡាជាអត្ដសញ្ញាណរបស់ជាតិផងដែរ។
ការប្តូរឈ្មោះទៅប្រដាល់គុនខ្មែរនេះ បានធ្វើឱ្យភាគីថៃ មិនពេញចិត្តចំពោះរឿងនេះ ហើយពួកគេនឹងមិនបញ្ជូនអត្ដពលិកមកប្រកួតលើវិញ្ញាសានេះនោះទេ។ ទោះយ៉ាងណា បើតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានបញ្ជាក់ឱ្យដឹង កាលពីពេលថ្មីៗនេះថា ប្រដាល់គុនខ្មែរ នៅតែជាវិញ្ញាសាប្រកួតក្នុងស៊ីហ្គេម លើកទី៣២ ដដែល ព្រោះមាន៦ប្រទេស បានគាំទ្រនិងចូលរួមប្រកួតលើវិញ្ញាសានេះ។ ៦ប្រទេស ដែលនឹងចូលរួមប្រកួត រួមមាន ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី៕