តាមរយៈជំនួបសម្ដែងការគួរសម កាលរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ថានឹងបន្តកិច្ចសហការជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មឱ្យកាន់តែខ្លាំងថែមទៀត។
ថ្លែងក្នុងជំនួបនោះដែរ លោក ឌិត ទីណា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមករវាងមូលនិធិ IFAD និងក្រសួងកសិកម្ម តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលទើបតែបានបិទបញ្ចប់កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ បន្ទាប់ពីបានអនុវត្តប្រកបដោយប្រសិទ្ធភាពអស់រយៈពេល៧ឆ្នាំ។
ដោយរដ្ឋមន្ដ្រីក្រសួងកសិកម្មរូបនេះ បានបន្តដូច្នេះថា៖«ខ្ញុំសង្ឃឹមថា កម្មវិធី ASPIRE-AT គាំទ្រដោយមូលនិធិ IFAD នឹងរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរបន្ថែមទៀត ដូចកម្មវិធី ASPIRE ដែលទើបតែបានបិទបញ្ចប់ទៅដោយជោគជ័យដែរ»។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ មូលនិធិ IFAD និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងគម្រោងថ្មីចាប់ពីឆ្នាំ២០២៣តទៅ តាមរយៈការអនុវត្តកម្មវិធីផ្ដល់សេវាកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន (ASPIRE-AT) ដែលមានគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយនិរន្ដរភាព និងបរិយាបន្នដោយផ្អែកលើការនាំចេញនិងទីផ្សារក្នុងស្រុកផងដែរ។ អត្ថបទ៖ ពិសី