លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំពឹងថា ចំណូលប្រជាពលរដ្ឋក្នុងខេត្តម្នាក់ អាចទទួលបានជាង១៧០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ ។ ការបង្ហាញក្តីរំពឹងរបស់លោកអភិបាលខេត្ត ដូចនេះបានលើកឡើង ក្នុងសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកអភិបាលខេត្ត បានលើកឡើងថា សម្រាប់ចំណូលពលរដ្ឋម្នាក់ក្នុងឆ្នាំ២០២១ទទួលបាន ១៥៩២ដុល្លារអាមេរិកក្នុងម្នាក់ កើនឡើង១៦ដុល្លារអាមេរិក ស្មើនឹង ០,០១%បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ហើយក្នុងឆ្នាំ២០២២កន្លងទៅរដ្ឋបាលខេត្តបានព្យាករណ៍ថា អាចឡើងដល់ ជាង១៦០០ដុល្លារអាមេរិកក្នុងម្នាក់ ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ រំពឹងថាប្រជាពលរដ្ឋម្នាក់អាចមានចំណូលជាមធ្យម ជាង១៧០០ដុល្លារអាមេរិកក្នុងម្នាក់
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ប្រកបមុខរបរ៣សំខាន់ៗមានដូចជា កសិកម្ម ៦៩,៩៣% ឧស្សាហកម្មនិងសិប្បកម្ម ០,៦៩% សេវាកម្ម ៣៥, ៣៨%។ ខណៈដែលការរំពឹងលើចំណូលរបស់ប្រជាពលរដ្ឋក្នុងឆ្នាំនេះ គឺបានមកពីវិស័យកសិកម្ម ៤១,១% ឧស្សាហកម្ម ២១,២% សេវាកម្ម ៣៧,៧ %ផងដែរ។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ខេត្តកំពង់ចាមផ្ទៃដីដាំដុះ ១៤៧ ៤២២ហិកតា ផ្ដល់ផល ៤៨៨២៩២តោន ក្នុងឆ្នាំ២០១៨ ខណៈដែលក្នុងឆ្នាំ២០២២កើន ដល់ ៥៤៥ ៥២១ តោន កើន១១.៧%។
ខេត្តកំពង់ចាម ជាខេត្តមួយដែលមានសក្ដានុពលខ្លាំងលើគ្រប់វិស័យ បន្ទាប់ពីរាជធានីភ្នំពេញ ដែលជំរុញឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ទំហំសេដ្ឋកិច្ចមាន ៧ ២៩២ ៧៣៨លានរៀល គិតជាដុល្លារស្មើនឹង ១៨០៥លានដុល្លារ អាមេរិកស្មើនឹង ៦,៧ % នៃសេដ្ឋកិច្ចសរុប៕