មួយរយៈកាលចុងក្រោយនេះ មហាសេដ្ឋីឥណ្ឌា Gautam Adani ជួបបញ្ហាដ៏ស្មុគស្មាញមួយ ពោលរបូតលុយអស់រាប់សិបពាន់លានដុល្លារ ក្នុងរយៈពេលដ៏ខ្លី និងខ្ទាតចេញពីបញ្ជីមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូបទៀតផង។
ទន្ទឹមនឹងនោះ គេហទំព័រ Businessinsider បានរាយការណ៍ថា ក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ មេធំ Adani Group របូតទ្រព្យសម្បត្តិអស់ប្រមាណ ៥២ ពាន់លានដុល្លារ ដែលច្រើនជាងអតីតមេធំ FTX ដែលបាត់បង់ទ្រព្យសម្បត្តិ ១៦ ពាន់លានដុល្លារក្នុងរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។
ការខាតបង់ទ្រព្យសម្បត្តិដ៏ច្រើនក្នុងរយៈពេលដ៏ខ្លីបែបនេះ បានធ្វើឲ្យតំណែងមហាសេដ្ឋីរបស់ Adani ខ្ទាតមកដល់លេខរៀងទី ២១ ជាមួយទំហំទឹកប្រាក់នៅសល់ប្រមាណ ៦១,៣ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaires Index។
ប្រភពដដែលបន្ថែមថា ក្រៅពីរបូតតំណែងនៅ Top 10 ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើលោក Gautam Adani ក៏បាត់បង់ងារជាអ្នកមានដាច់គេនៅអាស៊ី និងឥណ្ឌា ទៅកាន់លោក Mukesh Ambani ដែលមានទ្រព្យសម្បត្តិជាង ៨០ ពាន់លានដុល្លារផងដែរ៕