កាលពីឆ្នាំទៅ ប្រទេសស្រីលង្កាបានប្រកាសក្ស័យធន បន្ទាប់ពីបំណុលបរទេសរបស់ខ្លួនមានចំនួនច្រើនលើសលុប និងបង្កឲ្យកើតមានវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៧ ទសវត្សចុងក្រោយ។
ដើម្បីអាចដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងប្រទេស ប្រធានាធិបតី Ranil Wickremesinghe បានរិះរកគ្រប់មធ្យោបាយ ហើយទន្ទឹមនឹងនោះមហាសេដ្ឋីអាមេរិក Tim Draper បានផ្ដល់សំណើថា ស្រីលង្កាគួរងាកមកប្រើប្រាស់រូបិយប័ណ្ណឌីជីថលដូចជា Bitcoin ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។
យ៉ាងណា សំណើខាងលើត្រូវបានច្រានចោលពីសំណាក់ប្រធានាធិបតីស្រីលង្កា ដោយលោកឆ្លើយតបថា អរគុណចំពោះយោបល់ខាងលើ ប៉ុន្តែលោកមិនចង់ឲ្យស្ថានភាពក្នុងប្រទេសកាន់តែវឹកវរ ដោយសារបញ្ហា Cryptocurrency ឡើយ។ នេះបើតាមការចុះផ្សាយពី SCMP។
សូមជម្រាបដែរថា មូលហេតុដែលមហាសេដ្ឋីមានលុយជាង ១ ពាន់លានដុល្លារ បំផុសយោបល់នេះឡើង ដោយសារលោកយល់ថា Bitcoin និងទីផ្សាររូបិយប័ណ្ណឌីជីថល គឺជាទីផ្សារដែលមិនអាស្រ័យលើធនាគារកណ្ដាល និងមិនជាប់ពាក់ព័ន្ធជាមួយគោលនយោបាយអ្វីទាំងអស់ ដូច្នេះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ ប៉ុន្តែបច្ចុប្បន្នទីផ្សារ Cryptocurrency ក៏មិនសូវបង្ហាញភាពវិជ្ជមានប៉ុន្មានឡើយ ដ្បិតតម្លៃ Bitcoin ធ្លាក់តាំងពីជាង ៦ ម៉ឺនដុល្លារ មកនៅមិនដល់ ២ ម៉ឺនដុល្លារផង នាពេលបច្ចុប្បន្ន៕