កំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ កំពុងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងនៃចំនួនប្រជាជននេះដែរ បានធ្វើឱ្យតម្រូវការសេវាកម្ម និងសម្ភារៈប្រើប្រាស់ជាច្រើនក៏កើនឡើងដូចគ្នា ក្នុងនោះលំនៅឋានជាកត្តាចាំបាច់មួយសម្រាប់ឆ្លើយតបទៅនឹងកំណើននៃចំនួនប្រជាជន ដែលទាមទារឱ្យមានការអភិវឌ្ឍបន្ថែមដើម្បីបំពេញទៅតាមតម្រូវការនៃការរស់នៅ និងវិនិយោគជាដើម។
ខណៈចំនួនប្រជាជននៅរាជធានីភ្នំពេញបន្តកើនឡើងនេះ ដែលជាហេតុបណ្តាឲ្យមានការរៀបចំពិធីជួបជុំផ្សេងៗ លក្ខណៈផ្លូវរដ្ឋ ពាណិជ្ជកម្ម កិច្ចប្រជុំ និងការណ៍តាំងពិពរណ៌នានា ត្រូវមានកន្លែងដ៏ធំសម្រាប់រៀបចំឲ្យសមស្របទៅនឹងកំណើនចំនួនមនុស្សចូលរួម។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កន្លែងរៀបអាពាហ៍ពិពាហ៍ ជាច្រើនបានផុសអណ្តែតឡើងជាបន្តបន្ទាប់ក្រោមការវិនិយោគពីអ្នករកស៉ីគ្រាក់ៗនៅក្នុងស្រុក។
ក្នុងនោះសង្កេតឃើញថា មានមហាសេដ្ឋីកំពូលៗ ៧រូប កំពុងក្តោបក្តាប់វិនិយោគលើទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កន្លែងរៀបអាពាហ៍ពិពាហ៍ និងសណ្ឋាគារលំដាប់ផ្កាយ៥ តម្លៃរាប់លានដុល្លារ ស្ថិតក្នុងតំបន់ដែលមានសក្តានុពល ហើយត្រូវបានរាជរដ្ឋាភិបាលជួលរៀបចំពិធីផ្លូវការរបស់ជាតិធំៗ ដូចជាកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលទើបនឹងបញ្ចប់ការពីពេលថ្មីៗនេះ ក៏ដូចជាក្រុមហ៊ុន អង្គការ សមាគម និងប្រជាពលរដ្ឋជួលដើម្បីរៀបចំពិធីផ្សេងៗផងដែរ។
នៅក្នុងអត្ថបទនេះ សូមបង្ហាញសមភាពមហាសេដ្ឋីកំពូលៗ ៧រូប ជោគជ័យលើជំនួញសណ្ឋាគារ និងការជួលទីតាំងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ កន្លែងរៀបអាពាហ៍ពិពាហ៍ ដូចខាងក្រោម៖
១/ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន អាណិកជនកម្ពុជា OCIC
អ្នកឧកញ៉ា ជាអ្នកដែលប្រែក្លាយតំបន់កោះពេជ្រដែលដើមឡើយគ្រាន់តែជាលំនៅដ្ឋាននិងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រប៉ុន្មានរយនាក់នោះ បានប្រែក្លាយមុខមាត់ទាំងស្រុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសំណង់ដ៏លេចធ្លោមួយរបស់កម្ពុជា។ កោះទំហំ១០០ហិកតាដែលនៅប្រសព្វនឹងទន្លេបួនមុខនេះ ត្រូវបានអភិវឌ្ឍនៅឆ្នាំ២០០៤ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (Overseas Cambodian Investment Corporation) របស់ធនាគារ កាណាឌីយ៉ា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានទី៣ ឆ្លងទៅតំបន់អភិវឌ្ឍន៍ទីក្រុងកោះពេជ្រ ឈ្មោះថា «ស្ពានឥន្ទធនូ» កាលពីឆ្នាំ២០១១ អ្នកឧកញ៉ាពុង ឃាវសែ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានចាប់ដំណើរការអភិវឌ្ឍកោះពេជ្រចាប់ពីឆ្នាំ២០០៤ ពីរាជរដ្ឋាភិបាលមកម៉្លេះ។ ជាប្រយោជន៍នៃការជួលដីកោះពេជ្រនេះ រាជរដ្ឋាភិបាលទទួលបានសមិទ្ធផលធំៗ ដូចជាស្ពានព្រះមុនីវង្ស ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្តុបមន្ទីរពេទ្យព្រះកុសុមៈ និងច្រាំងទន្លេនានាជាច្រើនទៀត។ អ្នកឧកញ៉ាបញ្ជាក់ថា មជ្ឈមណ្ឌលកោះពេជ្រមានវិសាលភាពទទួលភ្ញៀវចូលទៅតំបន់នោះប្រមាណ៥ម៉ឺននាក់។
នៅក្នុងតំបន់ កោះពេជ្រ មានគម្រោងធំៗជាច្រើនដែលមានតម្លៃរាប់លានដុល្លារ ដូចជា ខុនដូ អគារពាណិជ្ជកម្ម អាងហែលទឹក ផ្សារទំនើប មន្ទីរពេទ្យ និងសាលារៀនលំដាប់អន្តរជាតិ និងគម្រោងបុរីជាដើម។ ពិសេសនោះ អ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគលើមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កោះពេជ្រ។
កាលពីឆ្នាំ២០១៩ អ្នកឧកញ៉ាក៏បានវិនិយោគ«អគារពិព័ណ៌អន្តរជាតិជ្រោយចង្វារ» សាងសង់លើផ្ទៃដីទំហំសរុបប្រហែល ២៦,៧៧៤.៣៨ ម៉ែត្រការ៉េ ឬស្មើទៅនឹងទំហំក្រឡាផ្ទៃសរុបប្រហែល ១៨,៩៦៨.២៨ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ។
២) អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន L.Y.P Group
អ្នកឧកញ៉ាត្រូវបានគេផ្តល់រហ័សនាមថា «ស្តេចកោះកុង» ដែលកំពុងវិនិយោគលើពហុវិស័យនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩ អ្នកឧកញ៉ា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសន្និបាត និងពិព័រណ៍ មានឈ្មោះថា The Premier Center Sen Sok នៅលើទឹកដីខណ្ឌសែនសុខ ទល់មុខផ្សារទំនើប អ៉ីអន២ នៅមិនឆ្ងាយពីផ្សារបោះដុំ ម៉ាក្រូ របស់លោកដែលទិញភាគហ៊ុនពីប្រទេសថៃ។
មជ្ឈមណ្ឌលរៀបមង្គលការដ៏ប្រណីតមួយនេះ មានតម្លៃជាទឹកប្រាក់វិនិយោគជាង១០លានដុល្លារនេះ ជាជំហានដំបូងដែលមានអគារសរុបចំនួន ៧អគារ ហើយក្នុងមួយបន្ទប់អាចដាក់តុការបានចាប់ពី ៥០តុ ឡើងទៅ បើរំលាយបន្ទប់នៃអគារទាំង៧នេះ បញ្ចូលគ្នា អាចដាក់បានរហូតដល់ ៥០០តុការ ស្មើនឹងចំនួនមនុស្ស ៥០០០នាក់។ ចំណែកឯទីធ្លាចតរថយន្ដមានសមត្ថភាពដាក់រថយន្ដបានរហូតដល់ ១២០០គ្រឿង និងម៉ូតូ ៧០០គ្រឿង។
៣) ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប
ឧកញ៉ា ថៃ ជាហួត ជាអ្នករកស៊ីជោគជ័យក្នុងវិស័យអចលនទ្រព្យ, អប់រំ និងផ្សារទំនើប។ កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសម្ពោធសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ក្នុងគម្រោង PH Euro Park បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាលប្រារព្ធពិធីមង្គលការ PH Grand Hall ក្នុងគម្រោង PH Euro Park នេះ នឹងក្លាយជាជម្រើសសាលខ្នាតធំមួយបន្ថែមទៀត សម្រាប់ឱ្យប្រជាពលរដ្ឋ ក្រសួង ស្ថាប័នរដ្ឋ បណ្ដាក្រុមហ៊ុនឯកជន ឬអង្គការជាតិ និងអន្តរជាតិផ្សេងៗ ជួលសម្រាប់រៀបចំកម្មវិធី។
ក្រៅពីមហាសេដ្ឋីទាំង៣ខាងលើ ក៏មានមហាសេដ្ឋីគ្រាក់ៗមួយចំនួនទៀត បានវិនិយោគលើសណ្ឋារគារលំដាប់ផ្កាយ ហើយក៏ជាកន្លែងដែលតែងតែរៀបចំកិច្ចប្រជុំលំដាប់ជាតិ និងអន្តរជាតិ ដែលអាចផ្ទុកមនុស្សរាប់ពាន់នាក់បានផងដែរ។
មហាសេដ្ឋីទាំងនោះរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង សណ្ឋាគារ កាំបូឌីយ៉ាណា ស្ថិតនៅជាប់មាត់ទន្លេចតុមុខ នៅមិនឆ្ងាយពីមជ្ឈមណ្ឌលល្បែងកម្សាន្ត ណាហ្គាវើលដ៍, អ្នកឧកញ៉ា សុខ គង់ សណ្ឋាគារ សុខា នៅទល់មុខព្រះបរមរាជវាំង ដែលកាលពីឆ្នាំ២០២២ កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនានានៅសណ្ឋាគារ សុខាភ្នំពេញ និងសុខាអង្គរ ខេត្តសៀមរាប និងនៅខេត្តព្រះសីហនុ, អ្នកឧកញ៉ា លាង ឃុន សណ្ឋាគារលំដាប់ផ្កាយ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ និងជាប់នឹងសារមន្ទីរជាតិ និងសាលាវិចិត្រសិល្បៈ, អ្នកឧកញ៉ា ជា រតនា សណ្ឋាគារលំដាប់ផ្កាយ ៥ Sun & Moon Riverside ជាប់នឹងស្ពានអាកាសក្បាលថ្នល់ ទល់មុខអគ្គស្នងការដ្ឋាននរគបាលជាតិ៕