ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air ថ្មីៗនេះ បានបង្ហាញពីការងើបឡើងវិញនៃអាជីវកម្មរបស់ខ្លួន បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ជាមួយនឹងការកើនឡើងប្រាក់ចំណូលសុទ្ធ ១៧៥% ដល់ចំនួនទឹកប្រាក់ ៧,៣៥ ទ្រីលានដុង (៣១៣,៤ លានដុល្លារ) និងទទួលបានប្រាក់ចំណេញ ៩០២ ពាន់លានដុង ឬជាង ៣៨ លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ ២០២២ កន្លងទៅ ។
កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់វៀតណាមមួយនេះ បានដឹកជញ្ជូនអ្នកដំណើរចំនួន ២០,៥ លាននាក់ នៅលើជើងហោះហើរសរុបចំនួន ១១៦ ០០០ ឯណោះ ដែលក្នុងនោះ ការដឹកជញ្ជូនអ្នកដំណើរក្នុងស្រុងបានកើនឡើង ២០% បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលជាពេលកូវីដ-១៩ មិនទាន់ផ្ទុះឡើង ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរថ្មីៗជាង ២០ នៅឆ្នាំ ២០២២ កន្លងទៅ ដែលភាគច្រើនផ្តោតទៅលើទីផ្សារឥណ្ឌា។ ហើយគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរសរុបរបស់ខ្លួនដល់ ១០៣ ។
ដោយឡែកសម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុន Vietjet រំពឹងថានឹងទទួលបានកំណើនប្រាក់ចំណូលខ្ពស់ជាងឆ្នាំមុន ដោយសារតែចិនបានបើកប្រទេសឡើងវិញ និងរួមទាំងការបង្កើតជើងហោះហើរទៅកាន់ទីផ្សារអន្តរជាតិធំៗ ដូចជាឥណ្ឌា សាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្តា្រលីជាដើម ខណ:កាលពីឆ្នាំ ២០២២ កន្លងទៅ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន ទទួលបាន ៣២,៥ ទ្រីលានដុង ៕