គយ រកចំណូលបានប្រមាណ ២ ៦៩០.៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ២០២២ ប្រមូលចំណូលបានចំនួន ១០ ៩៩៨.៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៦៩០.៥ លានដុល្លារអាមេរិក) ចំនួននេះមានការកើនឡើង ១៨.៣% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២១។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប នាថ្ងៃសុក្រ ទី៣កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា សម្រាប់ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៥ ៤៦០.៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១១.៩% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនៃការចូលសំខាន់ៗមានដូចជា យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីន បម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ចំណែក ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៤៤៧.២លានដុល្លារអាមេរិក កើនឡើង១៦.៧% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤.១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦.២%, និងកសិផលមានកំណើន ៦.៦%។

បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជាបង្ហាញថា ចំពោះយានយន្ត និងគ្រឿងចក្រមានចំនួន ៥ ០៧៨.៧ ប៊ីលានរៀល (ត្រូវជា ៤៦.២% នៃចំណូលសរុប), ទំនិញចម្រុះមានចំនួន ៣ ០៣២.៦ ប៊ីលានរៀល (ត្រូវជា ២៧.៦% នៃចំណូលសរុប), ផលិតផលតេលសិលាមានចំនួន ២ ២៣៨ ប៊ីលានរៀល (ត្រូវជា ២០.៣% នៃចំណូលសរុប), និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន ៦៤៩.៥ ប៊ីលានរៀល (ត្រូវជា ៥.៩% នៃចំណូលសរុប)៕