លោក សុខ ស៊ីផាន់ណា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន កំពុងឡប់ប៊ីយុទ្ធនាការជំរុញដើម្បីបានការិយាល័យអគ្គលេខាធិការដ្ឋានស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មកកម្ពុជា។ លោកថា ប្រសិនបើបានអគ្គលេខាធិការដ្ឋាន RCEP វាជាមោទនាភាពយ៉ាងសម្បើម ខណៈដែលប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការចចារចង់បានដោយផ្អែកថា នៅហ្សាកាតា ឥណ្ឌូនេស៊ី មានអគារអគ្គលេខាធិការដ្ឋានអាស៊ានដ៏ធំរួចទៅហើយ។
បើតាមលោក សុខ ស៊ីផាន់ណា កម្ពុជា កំពុងជំរុញកិច្ចប្រជុំពេលក្រោយឲ្យសម្រេចថាជ្រើសរើសយកកម្ពុជាជំហានដំបូង ស្របពេលកម្ពុជាមានកត្តាស្ទើរតែគ្រប់គ្រាន់ក្នុងការទទួលបានការិយាល័យអង្គការអន្តរជាតិមួយនេះ។
សូមស្តាប់ប្រសាសន៍ សុខ ស៊ីផាន់ណា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងវេទិកាបាឋកថាស្ដីពី៖ ការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣៖
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំបំផុតលើពិភពលោក ដោយមានប្រជាជនសរុបប្រមាណ ២,២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុប ២៦ទ្រីលានដុល្លារអាមេរិក ទំហំនាំចេញសរុប ៥,២ទ្រីលានដុល្លារអាមេរិក ត្រូវជា ៣០ភាគរយ នៃទំហំសរុបលើពិភពលោក។ កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួនប្រទេស ១៥ មានដូចជា ប្រ៊ុយណេ, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី ថៃ, វៀតណាម, ចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលសេឡង់ ខណៈដែលកម្ពុជា បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មគូសបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ ដៃគូនានារបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងពន្លឿន ការស្តារសេដ្ឋកិច្ចឡើងវិញ ជម្នះរាល់បញ្ហាដែលអាស៊ានកំពុងប្រឈម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀង RCEP មានសារៈសំខាន់ ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ-១៩។
យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេស ដែលជាសមាជិកកិច្ចព្រមព្រៀង RCEP មានទំហំជាង ២៨ពាន់លានដុល្លារកើនឡើង៧% ក្នុងនោះកម្ពុជា បាននាំចេញទំនិញក្នុងតម្លៃ ជាង៥ពាន់លានដុល្លារ កើនឡើង៥% និង នាំចូលមកវិញក្នុងតម្លៃជិត ២៣ពាន់លានដុល្លារ កើនឡើង៧% ។ ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជា និងចិន រយៈពេល១១ខែ មានតម្លៃ ១០ ៥៧៩លានដុល្លារ កើនឡើង៦.៨៥% ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងតម្លៃជាង ១ពាន់លានដុល្លារ និងនាំចូលពីចិនមកវិញក្នុងតម្លៃ ជាង៩ពាន់លានដុល្លារ៕