អ្នកឧកញ៉ា គិត ម៉េង ចែករំលែកគន្លឹះ ២ចំណុច ដើម្បីបញ្ចៀសវិបត្តិនៅអាយុពាក់កណ្តាលជីវិត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ​​បាន​ចែក​រំលែក​ពី​គន្លឹះ​​ចំនួន​២​ចំណុច ក្នុង​ការ​សម្រេច​ចិត្ត ដើម្បី​បញ្ចៀស​ពី​វិបត្តិ​នៅ​អាយុ​ពាក់កណ្តាលជីវិត ​​ដែល​មនុស្ស​ជា​ទូទៅ​តែង​ជួប​ប្រទះ​ដូច​ជា​​ មាន​អារម្មណ៍​​​ថា​ឯកា​តែ​ម្នាក់ឯង ឬលើ​ការ​រៀបចំ​ជីវិត​ឱ្យ​មាន​​តុល្យភាព ទាំង​ស្ថានភាព​គ្រួសារ និង​កិច្ចការងារ​ផ្សេងៗ។​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាយុពាក់កណ្តាលជីវិត គឺ​អ្នកឧកញ៉ា​​​ចង់​សំដៅ​ដល់​ “មនុស្សម្នាក់ស្ថិតនៅចន្លោះវ័យជំទង់ និងវ័យចំណាស់” នៅ​ពេល​អាយុ២០ប្លាយ ដល់អាយុ៤០ប្លាយ ឬ​វ័យពី៤០ ទៅជិត​៦០ឆ្នាំ ​ដែល​វ័យ​នេះ​ គឺ​យើង​ម្នាក់ៗ​ត្រូវចិញ្ចឹម​បីបាច់​កូន ថែរក្សា​ឪពុកម្តាយដែលមានវ័យចំណាស់ និង​​កំពុងព្យាយាម​ឱ្យមានតុល្យភាពកិច្ចការ​ទាំងនេះ ជាមួយ​នឹងការ​យក​ចិត្តទុកដាក់លើខ្លួនឯង។ បន្ទុកនៃការមើលថែអាចកាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត សម្រាប់អ្នកដែលមានពេលវេលា​តិច ឬធនធានហិរញ្ញវត្ថុមានកម្រិត។ បញ្ហាប្រឈមទាំងនេះ​ កាន់តែធ្ងន់ដោយសារការផ្លាស់ប្តូរផ្ទាល់ខ្លួន គឺការ​សង្កេត និងការយល់ដឹងរបស់យើង​ ពីព្រោះកម្លាំង និងជំនាញ​ដែល​​យើង​មាន​ពីមុន ចាប់ផ្តើមធ្លាក់ចុះជាលំដាប់។

ទោះជាយ៉ាងណា អ្នកឧកញ៉ា ជឿ​ថា​​​យើង​អាចធ្វើការកាត់បន្ថយវិបត្តិនៅពាក់កណ្តាលជីវិត​នេះ​បាន​ ដោយធ្វើការ​សម្រេច​ចិត្ត​ដ៏ឈ្លាសវៃចំនួនពីរទាក់ទងពីរបៀបនៃការគិតអំពីអាយុពាក់កណ្តាលជីវិត។

ការសម្រេចចិត្តទី១៖ សូមជ្រើសរើសផ្តោតលើអ្វីដែលអាយុពាក់កណ្តាលជីវិតនេះផ្តល់ឱ្យអ្នក មិនមែនអ្វី​ដែល​អ្នកបាត់បង់នោះទេ។ ចំណុចទាំងនេះរួមបញ្ចូលការពង្រីកសមត្ថភាពក្នុងការទទួលយកថា យើងនឹងមាន​ភាព​រីកចម្រើនខាងផ្លូវចិត្ត ជាមួយនឹងបទពិសោធជីវិតយូរជាងនេះ។ អ្នកអាចចែករំលែក និងបង្រៀនមនុស្សជំនាន់​ក្រោយឱ្យ​យល់ពីចំណុចស្មុគស្មាញទាំងនេះ។ ការពិតនោះគឺគ្មាននរណាម្នាក់កាន់តែក្មេងជាងវ័យនោះទេ។ ម្យ៉ាង​វិញទៀត ជាការពិតដែរថាអ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតតែម្នាក់ឯងនោះទេ។

ការសម្រេចចិត្តទី២៖ ជ្រើសរើសការដកចេញនូវអ្វីមួយ ជាជាងការបន្ថែម។ កាលនៅវ័យក្មេង ភាពជោគជ័យ​ជា​ធម្មតា​កើតចេញពីការបន្ថែមដូចជា​ ប្រាក់កាន់តែច្រើន ការទទួលខុសត្រូវកាន់តែច្រើន ទំនាក់ទំនងកាន់តែច្រើន ទ្រព្យ​សម្បត្តិកាន់តែច្រើន។ ទោះយ៉ាងណាក៏ដោយ នៅពេលអ្នកចូលពាក់កណ្តាលជីវិត អ្នកគួរតែបន្ថយល្បឿន​ក្នុង​ការបូកបន្ថែមមុខងារ និងកិច្ចការមិនចាំបាច់ ហើយងាកមកផ្តោតអារម្មណ៍លើកាតព្វកិច្ចដែលអ្នកកំពុងមាន។ គតិនេះនឹងជួយអ្នកឱ្យធ្វើការលើតុល្យភាព និងកំណត់អាទិភាពលើរឿងសំខាន់ៗ ដូចជា ការមមាញឹក​លើជីវិត​ផ្ទាល់ខ្លួន គ្រួសារ កម្លាំងកាយ ភាពស្មុគស្មាញនៃការងារ ហើយជាការពិតណាស់ ការគេងឱ្យបានគ្រប់គ្រាន់។ ជាថ្មីម្តងទៀត អ្នកមិនបានឆ្លងកាត់វិបត្តិពាក់កណ្តាលជីវិតម្នាក់ឯងនោះទេ។

អ្នកឧកញ៉ា គិង ម៉េង បាន​បញ្ជាក់​បន្ថែម​ថា ជាការពិត​សម្រាប់មនុស្សភាគច្រើន ជីវិតកាន់តែប្រសើរឡើង ​ពេល​ចាប់ផ្តើមពីវ័យកណ្តាល។ ជាច្រើន​ឆ្នាំ​ក្រោយការឈានចូលវ័យកណ្តាល ជាមួយនឹងការរៀបចំជីវិត យើងអាច​ទទួល​បានសុភមង្គលជាងមុន មានភាព​បត់បែនក្នុងជីវិតជាងមុន មានគតិបណ្ឌិតថ្មី មានពិសោធន៍ច្រើនជាងមុន និងមនសិការល្អៗកាន់តែច្រើន។ យ៉ាងណាក្តី យើង​​នឹងប្រឈមមុខនឹងការលំបាក និងឧបសគ្គ​ដោយចៀស​មិន​ផុត ប៉ុន្តែប្រសិនបើយើង​ធ្វើការជ្រើសរើសត្រឹមត្រូវ អាយុពាក់កណ្តាលជីវិត អាចជាឱកាសដ៏ល្អបំផុត ដូចអ្វី​ដែល​យើង​ធ្លាប់​ឮ​ថា “អារម្មណ៍២០ឆ្នាំក្នុងវ័យ៣០” ប៉ុន្តែ​សម្រាប់​អ្នកឧកញ៉ា មានឃ្លាមួយទៀតគឺ “អារម្មណ៍២០ឆ្នាំ​ក្នុងវ័យកណ្តាល”៕