រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង បាននាំយកបរិក្ខាពេទ្យមួយចំនួន ប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃចន្ទ ដើម្បីរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលស្វាគមន៍ រដ្ឋបាលក្រុងលីស៊ួយ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Mei Zhongmin អនុប្រធានសមាគមពាណិជ្ជកម្មខេត្តជឺជាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តមប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បាននាំយកអំណោយជាបរិក្ខាពេទ្យ មានម៉ាស់ N95 ចំនួន៥០០ សម្លៀកបំពាក់ពេទ្យ ១០០កំប្លេរ និងម៉ាស់ចំនួន១ម៉ឺនម៉ាស់ ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប។
លោក Mei Zhongmin បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន ពិសេសខេត្តសៀមរាប និងក្រុងលីស៊ួយ នៃខេត្តជឺជាំង ក្នុងពេលប្រទេសចិន បានកំពុងជួបវិបត្តិកូវិដ ១៩ រដ្ឋបាលខេត្តសៀមរាប បានជួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវិដ១៩។ លោកបានបន្តទៀតថា ដោយកាយវិកាដ៏សប្បុរសធម៌របស់រដ្ឋបាលខេត្តសៀមរាប ដែលធ្វើឲ្យក្រុងខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា មិនអាចបំភ្លេចបាននូវគ្រាលំបាកនោះឡើយ ។ លោក Mei Zhongmin បានគូសបញ្ជាក់ថា នៅពេលកម្ពុជា កំពុងជួបវិបត្តិកូវិដ១៩នេះ រដ្ឋបាលក្រុងលីស៊ួយ ក៏ដូចជាខេត្តសម្ព័ន្ធមេត្រី ត្រូវធ្វើការចែករំលែកគ្នាជួយមិត្តក្នុងគ្រាលំបាក ក៏បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប យកទៅបម្រើការងារប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវិដ១៩ ។ ក្នុងនោះដែរលោកក៏បានសាទរចំពោះកម្ពុជា បានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានលើកឡើងថា ស្ថិតក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩នេះ បានបង្កើនកម្រឹតលើអត្ថន័យបន្ថែមទៀត នៃការរួមជីវិតតែមួយ លើចំណងសម្ព័ន្ធមេត្រីភាពនេះ ។ ការគាំទ្ររបស់ភាគីចិន និងការផ្តល់ជំនួយសម្ភារៈ បរិក្ខានិងអ្នកជំនាញវេជ្ជសាស្រ្តមកកាន់កម្ពុជា គឺជាការយកចិត្តទុកដាក់លើសពីក្របខ័ណ្ឌនៃចំណងមិត្តភាព តែជាការរួមបេះដួងតែមួយរវាងកម្ពុជា-ចិន ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវ វិធីសាស្ត្រ និង ការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារការរីករាលដាលនៃជំងឺកូវិដ១៩ ដែលបានកំពុងតែអនុវត្តនៅឡើយ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងលីស៊ួយ ដែលបានផ្តល់អំណោយទាំងនេះ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ហើយម៉ាស់ទាំងនេះនឹងត្រូវបានចែកជូនដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងក្រុមការងារ ដើម្បីបំពេញប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវិដ១៩៕