នៅក្នុងអំឡុកដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋឥណ្ឌា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារទ្វេភាគីជាមួយនឹងឥស្សរជនជាន់ខ្ពស់ជាច្រើនរបស់ឥណ្ឌា នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងដំណើរទស្សនផ្លូវរដ្ឋទៅកាន់ឥណ្ឌាលើកនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។ ក្នុងនោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយនឹងលោក ចាក់ឌីប ថាំងកា អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា នៅរដ្ឋធានីញ៉ូដេលី។
ក្នុងជំនួបនេះ លោក ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងកម្ពុជា និងឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់អនាគត ទំនាក់ទំនងដ៏ល្អនេះក៏នឹងត្រូវបានថែរក្សាពូនជ្រំ និងពង្រឹងឥតឈប់ឈរទៅមុខលើគ្រប់វិស័យ រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ជំនួបដាច់ដោយឡែក នៅចំពោះមុខមេបញ្ជាការកងទ័ពជើងគោកកម្ពុជា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា រចនា ស៊ីង (Rajnath Singh) បង្ហាញទស្សនៈថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក រចនា ស៊ីង អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួនដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។
ជាមួយគ្នានោះ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលជួបសម្តែងការគួរសម ជាមួយនឹង លោក ស៊ុប្រាម៉ានៀម ជែស្យាងការ រដ្ឋមន្ត្រីការបរទេសឥណ្ឌា ហើយក្នុងជំនួបនោះ លោក ស៊ុប្រាម៉ានៀម ជែស្យាងការ បានលើកឡើងអំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា មកកាន់ឥណ្ឌា និងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អរបស់ឥណ្ឌាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ក្នុងជំនួបដដែលនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងគ្រប់កាលៈទេសៈដែលកម្ពុជាជួបប្រទះការលំបាក និងដោយបានបញ្ជាក់ផងដែរអំពីការឯកភាពលើទិសដៅនៃការភ្ជាប់ទំនាក់ទំនងឱ្យបានច្រើនវិស័យបន្ថែមទៀតសម្រាប់ពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌា ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាកាលពីឆ្នាំ២០២២ កន្លងទៅ រួមទាំងវិធានការនានាដែលកម្ពុជាបានខិតខំអនុវត្តដើម្បីចូលរួមចំណែកដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ស្ថិតនៅក្នុងប្រទេសឥណ្ឌា នារសៀលថ្ងៃទី៣កុម្ភៈនោះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយនឹងលោក វីក្រម មីស្រ៊ី ទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា។ ទន្ទឹងនឹងនោះ ទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា បានបញ្ជាក់អំពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច, វប្បធម៌, បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។ សម្រាប់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រទេសឥណ្ឌាក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងគ្រាលំបាក ដែលពិតជាបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ស្មោះត្រង់ដោយមិនអាចបំភ្លេចបាន។
ជាមួយគ្នានោះ នៅក្នុងជំនួបដាច់ដោយឡែកផ្សេងទៀត រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងអគ្គលេខាធិការនៃក្រសួងការពារជាតិឥណ្ឌា លោក ជីរីដា អារ៉ាម៉ានី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយោធាទ្វេភាគី ដែលបានបោះជំហានរីកចម្រើនទៅមុខ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តទៅវិញទៅមក ព្រមជាមួយនឹងសុឆន្ទៈនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាគោលបំណងរួម។
បន្ថែមទៅទៀតនោះ នៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ មេបញ្ជាការកងទ័ពជើងគោកឥណ្ឌា បានជួបពិភាក្សាការងារទ្វេភាគី និងសម្រេចចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ហើយព្រឹត្តិការណ៍នេះ ក៏អាចត្រូវបានចាត់ទុកថាជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេសតាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពចំណុះកងទ័ពជើងគោកទាំងពីរ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលផ្លែផ្កាបន្ថែមទៀត។
នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោក នាយឧត្តមសេនីយ៍ អានីល ចូហាន អគ្គមេបញ្ជាការកងទ័ពឥណ្ឌា។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរាយការណ៍អំពីលទ្ធផល និងទិសដៅកិច្ចសហប្រតិបត្តិការដែលកងទ័ពជើងគោកទាំងពីរបានឯកភាពគ្នា ដោយរួមមានទាំងការយកចិត្តទុកដាក់ជំរុញអនុវត្តឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ដែលទើបត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់កងទ័ពជើងគោកទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈផ្លូវការរឹងមាំលើមូលដ្ឋាននៃឯកសារ TOR និងបានបង្ហាញនូវការគាំទ្រលើទិសដៅសហប្រតិបត្តិការនានាដែលកងទ័ពជើងគោកទាំងពីរបានឯកភាពគ្នាសម្រាប់ពេលបន្តខាងមុខ។
សូមជម្រាបជូនថា ក្រៅតែពីអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងមន្រ្តីជាន់ខ្ពស់ឥណ្ឌា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា អញ្ជេីញដាក់កម្រងផ្កានៅ National War Memorial នារដ្ឋធានីញ៉ូដេលី និងទស្សនកិច្ចនៅសារមន្ទីរ Rajaputana Rifle Regiment Center ផងដែរ៕