អ្នកឧកញ៉ា លាង ម៉េង៖ ធនាគារ ជីប ម៉ុង នឹងបន្តពង្រីកខ្លួនកាន់តែធំ នៅក្នុងទីផ្សារធនាគារ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង ​​បាន​លើក​ឡើង​​ថា ធនាគារ ជីប ម៉ុង នឹងបន្តពង្រីកខ្លួនកាន់តែធំ នៅក្នុងទីផ្សារធនាគារ ដោយ​ត្រៀមខ្លួនបើកទ្វារ​សាខា​ ជាច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​លើក​ឡើង​ខាង​​លើ​នេះ​ ក្នុង​ឱកាស​ដែល​អ្នកឧកញ៉ា បាន​អញ្ជើញ​ជា​អធិបតី​បើកសម្ពោធជាផ្លូវការ ​នូវ​សាខាថ្មី​ទី​១៤ របស់​ធនាគារ ជីប ម៉ុង គឺ​សាខា​វេងស្រេង ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៣ ដើម្បីខិតឱ្យ​កាន់តែកៀក​ជិត​ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ចោមចៅ ស្ទឹងមានជ័យ ជាពិសេសតាមបណ្តោយផ្លូវវេងស្រេង មកទទួលសេវាកម្ម និងផលិតផលរបស់ធនាគារ ជីប ម៉ុង ឱ្យ​កាន់តែលឿន និងប្រកបដោយភាពងាយស្រួល​ជាង​មុន។

អ្នកឧកញ៉ា លាង ម៉េង ​​បានថ្លែង​ពីសមិទ្ធផលដែលទទួលបានថា «ធនាគារ ជីប ម៉ុង នឹងនៅតែបន្តពង្រីកខ្លួន ឱ្យ​កាន់តែធំនៅក្នុងទីផ្សារធនាគារ ដើម្បីចូលរួមជាមួយធនាគារដៃគូ ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា កសាងវិស័យធនាគារ និងខឿនសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យ​កាន់តែរឹងមាំ»។

ជាយុទ្ធសាស្ត្រក្នុងឆ្នាំ២០២៣ ធនាគារ ជីប ម៉ុង ត្រៀមខ្លួនបើកទ្វារសាខាជាច្រើនបន្ថែមទៀត ដើម្បីបម្រើ និង​ផ្តល់​ជូនបទពិសោធន៍សេវាកម្មធនាគារដ៏សម្បូរបែបបំផុត រួមជាមួយផលិតផលប្រាក់កម្ចី និងបញ្ញើថ្មី ដែលមាន​ភាពបត់បែន និងមុខងារឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដើម្បីបម្រើតម្រូវការរបស់អតិថិជន។

គួរ​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង បានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ បេសកកម្មរបស់ ធនាគារ ជីប ម៉ុង គឺផ្តល់ដំណោះស្រាយខាងសេវាធនាគារល្អបំផុតលំដាប់ពិភពលោក ចំណាយ​តិច និង​ប្រសិទ្ធិភាពខ្ពស់។ ធនាគារ ជីប ម៉ុង បានប្រើបច្ចេកវិទ្យាដែលអាចវាស់វែងបាន តាមប្រព័ន្ធឌីជីថល ដោយ​អនុញ្ញាតឱ្យ​អតិថិជនអាចភ្ជាប់តម្រូវការក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ មកកាន់ធនាគារ ដែលដើរ​តួនាទី​ស្នូល ក្នុងការបំពេញតាមតម្រូវការប្រចាំថ្ងៃ។ គោលដៅសំខាន់បំផុតរបស់ ធនាគារ ជីប ម៉ុង ​គឺសហគ្រាស​ខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ និងសម្រាប់ពលរដ្ឋកម្ពុជា៕​