យោងតាមរបាយការណ៍របស់ CBRE Cambodia ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បញ្ហាវីរុសកូរ៉ូណា ឬកូវីដ១៩ បានបង្កឲ្យមានការប្រគួតប្រជែងខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យជួលផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកស្រី អាន សុធីតា បានឲ្យដឹងតាមរយៈរបាយការណ៍នោះថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការផ្នែកការិយាល័យមានការកើនឡើងយ៉ាងគំហុក។ អ្នកស្រីបន្តថា បើទោះបីជាមានបញ្ហានៃវីរុសកូរ៉ូណាក៏ដោយ អត្រានៃការជួលអគារការិយាល័យហាក់ពុំទាន់រងផលប៉ះពាល់ខ្លាំងនោះទេដោយវាគ្រាន់តែកាត់បន្ថយនៃចំនួនអតិថិជនគោលដៅប៉ុណ្ណោះ ដែលកត្តានេះបង្កឲ្យមានការប្រគួតប្រជែងខ្លាំងក្នុងចំណោមម្ចាស់អគារការិយាល័យជួល។
របាយការណ៍របស់ CBRE Cambodia បានឲ្យដឹងបន្ថែមថា តម្លៃជួលរបស់អគារការិយាល័យមានសភាពថេរពេញមួយត្រីមាសទី១ឆ្នាំ ២០២០នេះ បើទោះបីជាកាលពីខែមករាមានការកើនឡើងខ្ពស់នៃតម្រូវការការិយាល័យក៏ដោយ។ ក្នុងនោះ ដោយមានការប្រគួតប្រជែងខ្លាំងដែលបណ្ដាលមកពីវីរុសកូរ៉ូណានេះ មានម្ចាស់អគារការិយាល័យជួលមួយចំនួនបានធ្វើការបញ្ចុះតម្លៃរយៈពេលខ្លីដើម្បីទាក់ទាញអ្នកជួលថ្មី។
គួរបញ្ជាក់ថា តម្លៃអលនទ្រព្យកម្ពុជាកំពុងមានការធ្លាក់ថ្លៃ ដោយសារតែសំពាធ និងផលប៉ះពាល់នៃការរាតត្បាតនៃវីរុសកូរ៉ូណា បើយោងទៅតាមរបាយការណ៍ទីផ្សារអចលនទ្រព្យត្រីមាសទី១ ឆ្នាំ២០២០របស់ក្រុមហ៊ុនភា្នក់ងារអចលនទ្រព្យ CBRE Cambodia។ វីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងខ្លាំងនៅក្នុង ទីក្រុងវ៉ូហាន ប្រទេសចិន កាលពីខែមករាដែលបច្ចុប្បន្ននេះមានអ្នកឆ្លងសរុបចំនួនប្រហែល ១. ២ លាននាក់នៅទូទាំងពិភពលោកគិតត្រឹមដើមខែមេសាឆ្នាំ ២០២០នេះ។ ការរីករាលដាលនៃវីរុសកូរ៉ូណាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ សេដ្ឋកិច្ចសង្គមនៃប្រទេសជាច្រើនបូករួមទាំងកម្ពុជាផងដែរ៕ អត្ថបទ៖ សិរីកា