ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួន ៨រូប ទៅចូលរួមទស្សនកិច្ចសិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការដឹកនាំគណៈប្រតិភូដោយលោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកដ្ឋានក្រុមហ៊ុន ហ្គ្រីនដ្រេត ព្រមទាំងមានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ សូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចសិក្សាទីផ្សារនេះ ប្រតិភូកម្ពុជាបានជួបជាមួយលោក Alfedo E. Pascual រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។ ភាគីប្រទេសហ្វីលីពីន មានការចាប់អារម្មណ៍ទៅលើគុណភាពអង្ករកម្ពុជាយ៉ាងខ្លាំង និងបានគូសបញ្ជាក់ថា ការនាំចូលអង្កររបស់ហ្វីលីពីន មានការប្រែប្រួល ដោយមិនតម្រូវឱ្យនាំចូលតាមរយៈក្រុមហ៊ុនរដ្ឋដូចពីមុននោះទេ ពោលគឺអាស្រ័យលើវិស័យឯកជន និងឯកជនធ្វើកិច្ចសន្យាពាណិជ្ជកម្មដោយផ្ទាល់ ទៅតាមបរិមាណ គុណភាព និងតម្លៃ ដែលភាគីទាំងពីរឯកភាពគ្នា។
ឱកាសទស្សនកិច្ចសិក្សានេះដែរ គណៈប្រតិភូកម្ពុជា បានជួបជាមួយបណ្តាក្រុមហ៊ុននាំចូល សមាគមន៍រោងម៉ាស៊ីនកិនស្រូវ របស់ហ្វីលីពីន ដែលមានការចាប់អារម្មណ៍លើគុណភាពអង្ករកម្ពុជា ហើយមានការពិភាក្សា និងចចារលើតម្លៃសម្រាប់ផ្គត់ផ្គង់ផងដែរ។ យ៉ាងណាមិញ គណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញភាគីហ្វីលីពីន ឱ្យមកទស្សនកិច្ចសិក្សាលើរោងម៉ាស៊ីនកិនស្រូវកម្ពុជាដោយផ្ទាល់វិញ ដើម្បីបង្កើនទំនុកចិត្ត និងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង និងមានភាពយូរអង្វែង ដែលគ្រោងធ្វើឡើងនៅចុងខែកុម្ភៈ ឬដើមខែមីនា ឆ្នាំ២០២៣ ហើយក្នុងកំឡុងពេលទស្សនៈកិច្ចសិក្សានេះ អាចនឹងឈានដល់ការចុះកិច្ចសន្យាទិញ-លក់ តែម្តង។
សូមបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយ នៅក្នុងតំបន់អាស៊ី ដែលជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសមួយនេះបាននាំចូលអង្ករចំនួន ៣.៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុត ជាប្រភេទអង្ករសធម្មតា៕