ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសធំៗមួយចំនួន កាលពីឆ្នាំ ២០២២កន្លងទៅ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទោះបីទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសខ្លះកើនឡើងហាក់មានទំហំតិចតួចក៏ដោយ ក៏អាចនិយាយបានថា វាមិនមែនជារឿងងាយស្រួលពេកទេ ដែលកម្ពុជាអាចបង្កើនទំហំពាណិជ្ជកម្មបាន ខណៈពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ-១៩ និងវិបតិ្តសង្គ្រាមរវាងអ៊ុយក្រែន-រុស៊ីក្តី។
នៅថ្ងៃនេះ សារព័ត៌មាន ឧកញ៉ាញ៉ូស៍ នឹងលើកយកទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តារប្រទេសធំៗមួយចំនួន ដូចជា ចិន អាមេរិក និងតំបន់អាស៊ាន មកឱ្យលោកអ្នកស្វែងយល់ដូចខាងក្រោម៖
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២ មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។ កាលឆ្នាំ២០២២ ទូទៅកម្ពុជា បាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។ នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
ក្រឡេកមកមើល ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក បានបង្ហាញដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៦ពាន់៦រយលានដុល្លារ បានកើនឡើងជាង៣៥%។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅតែជាទីផ្សារ ដែលកម្ពុជានាំចេញធំបំផុតសម្រាប់ផលិតផលកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤៣ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ជាក់ស្តែង រយៈពេល៧ខែឆ្នាម២០២២ កម្ពុជានាំចេញទៅអាមេរិក ជាមួយទឹកប្រាក់ ៥ ៦៩៥ លានដុល្លារ បានកើនឡើង ៤៧,៣ភាគរយ បើធៀបរយពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣ ៨៦៧លានដុល្លារ។ នេះបើយោងតាមជំនួបកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា កន្លងទៅ។
ដោយឡែក ទំហំពាណិជ្ជកម្មកម្ពុជា-តំបន់អាស៊ានវិញ ឃើញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ាន ក្នុងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៦ ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយចំនួននេះ គឺស្មើនឹងជិត ១/៣ នៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣។
របាយការណ៍ខាងលើ បានបង្ហាញដែរថា ក្នុងឆ្នាំ ២០២២ ការនាំចេញនាំចូលទំនិញរវាងកម្ពុជាជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានទឹកប្រាក់សរុប ១៦ ០៥៣ លានដុល្លារ កើនជាង ១,៣៥ ភាគរយបើធៀបនឹងចំនួន ១៥ ៨៣៨ លានដុល្លារក្នុងឆ្នាំ ២០២១។ ទំហំពាណិជ្ជកម្មកម្ពុជាអាស៊ាន គឺស្មើនឹង ៣០,៦២ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងឆ្នាំ ២០២២ ដែលមានប្រមាណ ៥២ ៤២៥ លានដុល្លារ។ផ្អែកតាមតួលេខខាងលើ គឺទំនិញដែលកម្ពុជានាំទៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានចំនួន ៣ ២៩៧ លានដុល្លារ កើន ១៣,១៤ ភាគរយធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ២ ៩១៤ លានដុល្លារ។
សូមរម្លឹកដែរថា យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ១៨ពាន់លានដុល្លារកើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានតម្លៃជាង ១៥ពាន់លានដុល្លារ។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ដែរថា ការនាំចេញទំនិញរបស់កម្ពុជា នៅតែបង្ហាញសញ្ញាញល្អប្រសើរ ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយអន្តរជាតិ កើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាពិភពលោកកំពុងជួបវិបត្តិសាកលក៏ដោយ៕ អត្ថបទ៖ ពិសី