ត្រឹមខែដំបូងឆ្នាំ ២០២៣ ក្រុមហ៊ុន Foxconn រកប្រាក់ចំណូលបាន ២២ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងជាអ្នកតំឡើងទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple Inc បានបង្ហាញកាលពីថ្ងៃអាទិត្យថា ប្រាក់ចំណូលរបស់ខ្លួន នៅក្នុងខែមករាកន្លងទៅនេះ បានកើនឡើងដល់ ៤៨,២% ធៀបទៅនឹងឆ្នាំមុន បើទោះបីជារងផលរំខាន ដោយសារវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនក៏ដោយ ។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ប្រាក់ចំណូលដែលទទួលបាន នៅក្នុងខែមករា ឆ្នាំ ២០២៣ នេះ បានឈានដល់កម្រិតខ្ពស់បំផុត ៦៦០,៤ពាន់លានដុល្លារតៃវ៉ាន់ (២២ពាន់លានដុល្លារ) ជាមួយនឹងផលិតកម្មរបស់ពួកគេបានវិលត្រលប់មករកភាពធម្មតាវិញ ហើយការនាំចេញក៏បានកើនឡើងផងដែរ នៅឯរោងចក្រ Zhengzhou របស់ពួកគេ ក្នុងប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតទូរស័ព្ទ iPhone ដ៏ធំបំផុតមួយ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនរបស់តៃវ៉ាន់មួយនេះ បាននិយាយទៀតថា បើធៀបទៅនឹងខែមុន ប្រាក់ចំណូលរបស់ខ្លួន បានកើនឡើង ៤,៩៣% ដោយសារតែការលក់ផលិតផលអេឡិចត្រូនិក ដែលរួមមានស្មាតហ្វូន និងផលិតផលកុំព្យូទ័រ មានការកើនឡើងខ្ពស់ ។

តែទោះជាយ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុន Apple វិញ កាលពីសប្តាហ៍មុន បានព្យាករថា ប្រាក់ចំណូលរបស់ពួកគេ អាចនឹងមានការធ្លាក់ចុះសម្រាប់ត្រីមាសទីពីរជាប់ៗគ្នា ប៉ុន្តែសម្រាប់ការលក់ទូរស័ព្ទ iPhone វិញ ទំនងជាអាចមានការកើនឡើង ដោយសារតែការផលិត នៅចិន បានវិលត្រលប់មករកភាពធម្មតាវិញ ក្រោយរដ្ឋាភិបាលប្រទេសនេះ បានសម្រេចដកចេញច្បាប់រឹតបន្តឹងទៅលើកូវីដ-១៩ ៕