យោងតាមសារព័ត៌មានធំៗជាច្រើន បានបង្ហាញឱ្យដឹងក្នុងពេលថ្មីៗនេះថា ប្រទេសជប៉ុន កំពុងពិចារណាផ្តល់ប្រាក់ជំនួយជាង ២០០ពាន់លានយ៉េន (១,៦ពាន់លានដុល្លារ) ជូនដល់ប្រទេសហ្វីលីពីន សម្រាប់ផ្តោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របពេលប្រទេសទាំងពីរ កំពុងព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត ។
បើតាមការឱ្យដឹងពីសារព័ត៌មាន ABS News បានចុះផ្សាយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida គ្រោងនឹងជួបផ្ទាល់ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលគ្រោងនឹងធ្វើដំណើរទស្សនកិច្ច នៅប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខបន្ថែមទៀត ចំពេលប្រទេសចិន កំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងតូក្យូ និងម៉ានីល ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងស្អិតរមួត ក៏ដូចជាបានរួមដៃគ្នាពង្រឹងទៅលើវិស័យសន្តិសុខ និងសេដ្ឋកិច្ច ខណ:ប្រទេសទាំងពីរសុទ្ធសឹងតែត្រូវបានរងផលប៉ះពាល់ដូចគ្នា ដោយសារតែបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងខាងកើត ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ។
ហើយយ៉ាងណាមិញ សម្រាប់ជំនួបដែលនឹងត្រូវធ្វើឡើង នៅក្នុងសប្តាហ៍នេះ រដ្ឋាភិបាលប្រទេសជប៉ុន បានបញ្ជាក់យ៉ាងច្បាស់អំពីគម្រោងរបស់ខ្លួន ក្នុងការផ្តល់ជូនជំនួយដល់ប្រទេសហ្វីលីពីន ក្នុងគោលបំណងដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសអាស៊ានមួយនេះ ដែលមានតម្លៃជាង ២០០ ពាន់លានយ៉េន សម្រាប់រយ:ពេល ៥ ឆ្នាំ ។
ជម្រាបជូនផងដែរថា នេះជាកញ្ចប់ជំនួយថ្មីមួយ សម្រាប់ផ្តល់ជូនដល់ប្រទេសហ្វីលីពីន បន្ទាប់ពីកញ្ចប់ជំនួយចាស់ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៧ អំឡុងស្ថិតនៅក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានបរាជ័យ ៕