មានកន្លែងដ៏អស្ចារ្យមួយចំនួន នៅលើពិភពលោក ដែលបានទាក់ទាញចិត្តភ្ញៀវទេសចរគ្រប់ជាតិសាសន៍រាប់លាននាក់ ឱ្យធ្វើដំណើរទៅលេងកម្សាន្តជារៀងរាល់ឆ្នាំ ដោយសារតែតំបន់ទាំងនោះ សុទ្ធសឹងតែបានបង្កប់នូវភាពពិសេសខុសប្លែកពីគេ មិនថាជាកន្លែងប្រវត្តិសាស្រ្ត វប្បធម៌ ឬកន្លែលដែលមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនោះឡើយ ។
យោងតាមគេហទំព័រ Alexonthemap បានដាក់ឈ្មោះតំបន់ពិសេសៗទាំង ១០ ដែលបានក្លាយជាគោលដៅទាក់ទាញខ្លាំងបំផុត សម្រាប់ភ្ញៀវទេសចរជាច្រើនលាននាក់ ទៅទស្សនាជារៀងរាល់ឆ្នាំ ៖
ប៉ម Eiffel Tower
ប៉ម Eiffel Tower គឺជានិមិត្តរូបតំណាងប្រទេសបារាំង និងជាទីកន្លែងដ៏ល្បីល្បាញបំផុតមួយ នៅក្នុងពិភពលោក ដូច្នេះហើយវាមិនចម្លែកនោះទេ ដែលតំបន់នេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរ។ ដោយមានទីតាំងនៅចំកណ្តាលទីក្រុងប៉ារីស ប៉មនេះ បានផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃទេសភាពទីក្រុងទាំងមូល ហើយអ្នកទស្សនាក៏អាចឡើងទៅកាន់កំពូលរបស់ប៉មនេះបានផងដែរ និងផ្តិតយករូបភាពដ៏ស្រស់ស្អាត នៅជុំវិញតំបន់នេះជាដើម ។
Great Barrier Reef
Great Barrier Reef របស់ប្រទេសអូស្ត្រាលី គឺជាតំបន់សមុទ្រដ៏អស្ចារ្យបំផុតមួយ នៅក្នុងពិភពលោក។ ដោយលាតសន្ធឹងប្រវែងជាង ២ ពាន់គីឡូម៉ែត្រ តំបន់នេះ ជាជម្រកសត្វសមុទ្រដ៏សម្បូរបែប និងបានទាក់ទាញភ្ញៀវទេសចរ ឱ្យទៅលេងកម្សាន្ត និងមុជទឹកមើលផ្កាថ្ម រួមជាមួយត្រីចម្រុះពណ៌ជាច្រើនប្រភេទ។
ទឹកធ្លាក់ Niagara
ទឹកធ្លាក់ Niagara ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញបំផុតមួយ ដែលស្ថិតនៅអាមេរិកខាងជើង។ ដោយនៅតាមបណ្តោយព្រំដែនរវាងទឹកដីសហរដ្ឋមអាមេរិក និងរដ្ឋ Ontario របស់ប្រទេសកាណាដា ទឹកជ្រោះនេះ បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរទៅលេងកម្សាន្តរាប់លាននាក់ ក្នុងមួយឆ្នាំៗ។ ភ្ញៀវទេសចរ អាចធ្វើដំណើរតាមរយ:ទូក ដើម្បីទទួលបានទស្សនីយភាពដ៏ស្រស់ស្អាតបំផុត នៅចំពីមុខទឹកជ្រោះដ៏ធំមួយនេះ ខណ:នៅជុំវិញតំបន់នោះ ក៏មានសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនផងដែរ ។
Taj Mahal
បើនិយាយដល់ប្រទេសឥណ្ឌា ភ្ញៀវទេសចរជាច្រើន នឹងមិនអាចមើលរំលងវិហារ Taj Mahal បាននោះឡើយ។ វិហារនេះ ត្រូវបានសាងសង់ឡើងដោយថ្មដ៏មានតម្លៃ អមដោយក្បាច់រចនាល្អប្លែក ដែលអាចធ្វើឱ្យអ្នកដំណើរ ផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅចំពីមុខវិហារដ៏ចំណាស់មួយនេះ ។
ប្រាសាទអង្គរវត្ត
អង្គរវត្ត ជាប្រាសាទដ៏ធំ និងចំណាស់បំផុតមួយ នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ហើយក៏ជាកន្លែងសាសនាដ៏ធំបំផុត នៅលើពិភពលោកផងដែរ។ ដោយសារស្ថាបត្យកម្មល្អប្លែក និងមានប្រវត្តិសាស្រ្តដ៏អស្ចារ្យ ប្រាសាទអង្គរវត្ត បានទាក់ទាញភ្ញៀវទេសចរ មកលេងកម្សាន្តរាប់លាននាក់ ជារៀងរាល់ឆ្នាំ។ ក្រៅពីនោះ ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅទីនេះ ក៏អាចបន្តរុករកប្រាសាទ ជាច្រើនផ្សេងទៀត ដែលស្ថិតនៅតំបន់ក្បែរនោះបានផងដែរ ។
Machu Picchu
ជាបន្ទាយដ៏ចំណាស់បំផុតមួយ ដែលមានទីតាំងនៅកំពូលខ្ពស់បំផុត នៃភ្នំ Andes ប្រទេសប៉េរ៉ូ។ ទីតាំងនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត សម្រាប់អ្នកដំណើរនៅជុំវិញពិភពលោក ដោយសារតែមានទីតាំងអាចមើលឃើញទេសភាពជួរភ្នំដ៏អស្ចារ្យ និងសំណង់ប្រាសាទដ៏ចំណាស់ដែលរក្សារូបរាងបានស្ទើតែទាំងស្រុង ។
មហាកំផែងចិន
មហាកំផែង គឺជាកន្លែងដ៏ល្បីល្បាញបំផុតមួយ នៅលើពិភពលោក ហើយជាកន្លែងតែមួយគត់ ដែលភ្ញៀវទេសចរមិនគួរមើលរំលង នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន។ មហាកំផែងដ៏ធំ ដែលសាងសង់ពីថ្មនេះ លាតសន្ធឹងជាង ៨ ០០០ គីឡូម៉េត្រ ឆ្លងកាត់ភាគខាងជើងប្រទេសចិន ហើយបានផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ ពីប៉មយាមជាច្រើន នៅលើកំផែងនោះ។
Opera House
Opera House គឺជាកន្លែងសម្គាល់ដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសអូស្ត្រាលី ហើយក៏ជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយផងដែរ។ ដោយមានទីតាំងនៅលើកំពង់ផែក្នុងទីក្រុងស៊ីដនី អគារដ៏ល្បីមួយនេះ បានផ្តល់នូវអារម្មណ៍រំភើបជាច្រើនសម្រាប់អ្នកមកទស្សនាកម្សាន្ត ជាពិសេសពួកគេអាច ទស្សនាការសម្តែងផ្សេងៗ នៅក្នុងរោងមហោស្រពមួយ ក្នុងចំណោមរោងមហោស្រពជាច្រើន ក្នុងអគារ ឬអាចផ្តិតយករូបភាពនៅជុំវិញតំបន់នោះផងដែរ ។
ពីរ៉ាមីតជីសា
ប្រាសាទពីរ៉ាមីតជីសា ត្រូវបានចាត់ទុកជាកន្លែងអាថ៌កំបាំងបំផុតមួយ ក្នុងពិភពលោក។ ដោយមានទីតាំងនៅខាងក្រៅទីក្រុងគែរ នៃប្រទេសអេហ្ស៊ីប ប្រាសាទពីរ៉ាមីតបុរាណទាំងនេះ បានទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ ទៅលេងលេងកម្សាន្ត ឬសិក្សាបន្ថែមទៅលើផ្នែកប្រវត្តិសាស្ត្រជាដើម ។
Burj Khalifa
ជាអគារដ៏ខ្ពស់បំផុតនៅលើលោក ហើយក៏ជាគោលដៅទេសចរណ៍ពេញនិយមខ្លាំងបំផុត នៅក្នុងទីក្រុងឌុយបៃ នៃប្រទេសអារ៉ាប់រួមផងដែរ។ អ្នកទស្សនាអាចជិះជណ្ដើរយន្ត ឡើងទៅកំពូលអគារ ដើម្បីមើលទេសភាពដ៏អស្ចារ្យ នៅជុំវិញទីក្រុង ឬរីករាយជាមួយហាងទំនើបៗ និងភោជនីយដ្ឋានល្បីៗ ជាច្រើននៅក្នុងនោះផងដែរ។