កូនប្រុសច្បងមហាសេដ្ឋីប្រេស៊ីល Joseph Safra ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០២០ បានដាក់ពាក្យបណ្ដឹងប្ដឹងម្ដាយខ្លួនឯង និងបងប្អូនបង្កើត ២ នាក់ទៀត ជុំវិញបញ្ហាមរតកឪពុកដែលបានបន្សល់ទុក។
យោងតាមការចុះផ្សាយពី Nasdaq បានបង្ហាញថា លោក Alberto Safra បានប្ដឹងក្រុមគ្រួសាររបស់លោក និងចោទប្រកាន់ពួកគេថា បានរួមគំនិតគ្នារំលាយភាគហ៊ុនរបស់លោកនៅក្រុមហ៊ុន Safra National Bank។
នៅក្នុងពាក្យបណ្ដឹងដែលបានដាក់ទៅកាន់តុលាការ New York State Supreme Court បានបង្ហាញថា Alberto Safra អះអាងថា ម្ដាយរបស់លោក Vicky Safra និងបងប្អូនប្រុសបង្កើត Jacob និង David Safra បានប្រព្រឹត្តអំពើទុច្ចរិត ដើម្បីបំផ្លាញផលប្រយោជន៍របស់គាត់ក្នុងក្រុមហ៊ុន។
យ៉ាងណា ក្រុមគ្រួសារត្រកូល Safra បានចេញមុខតបតនឹងពាក្យបណ្ដឹងថា ពួកគេមានអារម្មណ៍ស្ដាយក្រោយ ជាមួយការសម្រេចចិត្តរបស់លោក Alberto ដែលកន្លងមកតែងតែប្រឆាំងជាមួយឪពុក ហើយម្ដងនេះបែរជាចេញមុខប្រឆាំងជាមួយក្រុមគ្រួសារថែមទៀត។
សូមជម្រាបដែរថា នៅឆ្នាំ ២០២១ Alberto Safra និងក្រុមគ្រួសារបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីបណ្ដាំមរតករបស់ Joseph Safra ដើម្បីជៀសវាងការវិវាទលើទ្រព្យសម្បត្តិដែលមានតម្លៃ ១៥ ពាន់លានដុល្លារនៅពេលនោះ៕