ក្នុងសតវត្សទី២១នេះ ការប្រជែងរវាងពួកមហាអំណាចដូចជាចិន និងអាមេរិក មិនមែនជាការប្រជែងឥទ្ធិពលខាងមនោគមន៍វិជ្ជាដូចកាលសម័យអាមេរិក និងសូវៀតទៀតនោះទេ តែវាជាការប្រជែងគ្នាខាងសេដ្ឋកិច្ច។ គេក៏មិនអាចនិយាយបានថា តើយុទ្ធសាស្ត្ររបស់អាមេរិក ឬចិនដែលមានប្រសិទ្ធភាពជាងខាងណាឡើយ តែអ្វីដែលគេអាចមើលឃើញ នោះគឺការលេចត្រដែតឡើងនៃឥទ្ធិពលនៅលើឆាកអន្តរជាតិ ខណៈឥទ្ធិពលអាមេរិកថយចុះជារឿងមិនអាចប្រកែកបាន។
បើនិយាយដល់បងធំពិភពលោក គេនឹងនឹកឃើញដល់សហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមហាអំណាចពិភពលោកមានទំហំសេដ្ឋកិច្ចធំបំផុត ខណៈមហាអំណាចទាំង២នេះក៏ធ្លាប់មានសង្គ្រាមពាណិជ្ជកម្មតាំងពីឆ្នាំ២០១៨ ផងដែរ។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ធ្លាប់បានចេញផ្សាយការវាយតម្លៃរបស់ខ្លួនថា សហរដ្ឋអាមេរិកលែងគ្របដណ្តប់ពិភពសេដ្ឋកិច្ចទៀតហើយ ស្របពេលដែលប្រទេសចិនដែលយកឥទ្ធិពលរបស់ខ្លួននៅអាស៊ីមកធ្វើជាឈ្នាន់ជាន់ឡើងទៅក្រសោបយកលក្ខន្តិកៈជាមហាអំណាចពិភពលោកមួយដែរ។
យ៉ាងណា សម្រាប់អត្ថបទមួយនេះ សូមលើកបង្ហាញនូវបងធំពិភពលោកទាំង១០ ដែលមានទំហំសេដ្ឋកិច្ចធំបំផុតលើលោក ផ្អែកតាមរបាយការណ៍ចុះផ្សាយដោយគេហទំព័រ Wisevoter ដូចតទៅ៖
១/ សហរដ្ឋអាមេរិក មានទំហំសេដ្ឋកិច្ច ២៣ ទ្រីលានដុល្លារ
២/ ប្រទេសចិន មានទំហំសេដ្ឋកិច្ច ១៧ ទ្រីលានដុល្លារ
៣/ ប្រទេសជប៉ុន មានទំហំសេដ្ឋកិច្ច ៤,៩ ទ្រីលានដុល្លារ
៤/ ប្រទេសអាល្លឺម៉ង់ មានទំហំសេដ្ឋកិច្ច ៤,២ ទ្រីលានដុល្លារ
៥/ ប្រទេសឥណ្ឌា មានទំហំសេដ្ឋកិច្ច ៣,១៧ ទ្រីលានដុល្លារ
៦/ ចក្រភពអង់គ្លេស មានទំហំសេដ្ឋកិច្ច ៣,១៣ ទ្រីលានដុល្លារ
៧/ប្រទេសបារាំង មានទំហំសេដ្ឋកិច្ច ២,៩ ទ្រីលានដុល្លារ
៨/ ប្រទេសអ៊ីតាលី មានទំហំសេដ្ឋកិច្ច ២,១ ទ្រីលានដុល្លារ
៩/ ប្រទេសកាណាដា មានទំហំសេដ្ឋកិច្ច ១,៩៨ ទ្រីលានដុល្លារ
១០/ ប្រទេសកូរ៉េខាងត្បូង មានទំហំសេដ្ឋកិច្ច ១,៨១ ទ្រីលានដុល្លារ
សូមជម្រាបដែរថា កម្ពុជាស្ថិតនៅលេខរៀងទី ១០៧ ជាប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុត ជាមួយទំហំសេដ្ឋកិច្ចប្រមាណជិត ២៧ពាន់លានដុល្លារ៕