អង្គរសង្ក្រាន្តគ្រោងនឹងបំបែកឯកគ្គទកម្មថ្មីចំនួន២បន្ថែមទៀត សម្រាប់ជាមោទកភាពនៃ ប្រជាជាតិកម្ពុជា ក្រោមស្មារតីខួប១០ឆ្នាំ នៃមហាព្រឹត្តិការណ៍អង្គរ សង្ក្រាន្ត។នេះបើតាម ឱ្យដឹងពីផេកផ្លូវការរបស់ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។
បើតាមប្រភពខាងលើ មិនបានបញ្ជាក់ថា អង្គរសង្ក្រាន្ត ដែលគ្រោងបំបែកឯកគ្គទកម្មពិភពលោក ២បន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ ជាឯកគ្គទកម្មអ្វី ដែលនឹងក្លាយជាសមិទ្ធផលថ្មីសម្រាប់អង្គរសង្ក្រាន្តឆ្នាំនេះនោះទេ។
ប៉ុន្តែ បើតាមការបញ្ជាក់របស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឃើញថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ បានបំបែកឯកគ្គទកម្មដោយអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន។ក្នុងឆ្នាំ ២០១៥ ដដែល ក៏មានការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលជាការបំបែកកំណត់ត្រាពិភពលោក វាយតម្លៃដោយស្ថាប័ន Guinness ។
ជាមួយគ្នានេះ ក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានចាប់ផ្ដើមឡើងឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលជាចលនាមួយស្រូបទាញកំណើនទេសចរជាតិ និងអន្តរជាតិយ៉ាងគំហក់ មកចូលរួមទស្សនាក្នុងខេត្តសៀមរាប។អ្វីដែលជាចំណាប់អារម្មណ៍នៃអ្នកទេសចរ សម្រាប់ការប្រមូលផ្ដុំគ្នាជាមហាគ្រួសារខ្មែរនៅលើទឹកដីអង្គរ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ គឺការរៀបចំកម្មវិធីជាច្រើនថ្មីៗ ប្លែកៗ ដូចជាការបង្ហាញពីវប្បធម៌ ប្រពៃណី សិល្បៈ តន្ត្រី ល្បែងប្រជាប្រិយ រួមជាមួយនឹងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែប ដែលអាចឱ្យភ្ញៀវទេសចរធ្វើការស្វែងយល់ និងចូលរួមកម្សាន្តសប្បាយតាមរយៈកម្មវិធីទាំងនេះ។ជាក់ស្ដែងក្នុងឆ្នាំកន្លងទៅ មានការតាំងបង្ហាញក្រមាវែងជាងគេនៅលើពិភពលោក អន្សមយក្ស ការតាំងបង្ហាញតម្បាញកី ដែលអនុញ្ញាតឱ្យអ្នកចូលរួមក្នុងព្រឹត្តិការណ៍នោះបានសាកល្បងត្បាញ កម្មវិធីភូមិអាហារនៃក្ដីស្រលាញ់ ដោយមានការតាំងបង្ហាញ និងលក់ម្ហូបជាច្រើនមុខរបស់បងប្អូនខ្មែរ ឱ្យភ្ញៀវទេសចរបានភ្លក្សរសជាតិ កម្មវិធីប្រដាល់ក្បាច់គុនបុរាណខ្មែរ និងការរាំចង្វាក់ម៉ាឌីហ្សុនជាដើម។
ដោយឡែក អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ ក៏នឹងមិនធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមានការខកបំណងនោះឡើយ ដោយមានការរៀបចំកាន់តែធំជាងមុន ដែលមានកម្មវិធីចំនួន៤៤កម្មវិធី លើទីតាំងចំនួន៦តំបន់ សម្រាប់បង្កបរិយាកាសដ៏សប្បាយរីករាយរយៈពេល៤ថ្ងៃ គឺថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៣៕