មរតកក្រមាខ្មែរ ជាមរតកមួយដ៏សំខាន់ ដែលកើតចេញពីការត្បាញដោយដៃរបស់ប្រជាពលរដ្ឋខ្មែរ ដោយសម្រិតសម្រាំងយ៉ាងប្រណិត និងយកចិត្តទុកដាក់បំផុតទម្រាំបានក្រមាមួយៗ ហើយជាពិសេសនោះ ក្រមាប្រើត្រូវគ្រប់តម្រូវការរបស់ប្រជាជនទៅតាមសម័យកាលនីមួយៗ។ នេះបើតាមការលើឡើងរបស់ម្ចាស់អាជីវកម្មក្រមាខេត្តតាកែវ ថ្លែងប្រាប់ ឧកញ៉ាញូស៍ នៅថ្ងៃនេះ។
លោក ផាន បូរ៉ា ម្ចាស់អាជីវកម្មក្រមាខ្មែរខេត្តតាកែវ បានលើកឡើងថា ក្រមាខេត្តតាកែវបង្កប់នូវលក្ខណៈពិសេស ដែលធ្វើឱ្យជាប់ចិត្ត គឺពេលប្រើប្រាស់ដូចជាការជូតខ្លួនមិនស្កៀបរមាស់ មិនមានប្រតិកម្មជាមួយស្បែក មិនប្រើលាក់ជាតិគីមី ផលិតផលខ្មែរសុទ្ធៗធម្មជាតិ១០០% និងសាច់ក្រមាទន់ល្មើយ។
អាជីវកររូបនេះ បន្តថ្លែងថា លោកចាប់អាជីវកម្មនេះឡើង ក្នុងគោលបំណងជួយចែកចាយលើកស្ទួយផលិតផលខ្មែរ ជួយស្វែងរកទីផ្សារជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពួកគាត់មានទឹកចិត្តខិតខំត្បាញនូវផលិតផលនេះបន្ថែម យកទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិខាងទីផ្សារអារ៉ាប់ ហើយជាពិសេស លោកចង់ថែរក្សាកេរ្តិ៍ក្រមាមិនចង់ឱ្យមានការបាត់បង់ ជាវត្ថុលោកស្រឡាញ់ និងជាវត្ថុមួយតំណាងឱ្យជាតិសាសន៍ខ្មែរដែរ។
លោកបន្តទៀតថា បច្ចុប្បន្នលោកមើលឃើញទីផ្សារក្រមាខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេសរួចហើយ ខណៈពេលនេះ ធ្វើយ៉ាងណាឱ្យដៃគូទីផ្សាររបស់លោកមានការទទួលស្គាល់ជាមុនសិន ដោយចែកក្រមាជាវត្ថុអនុស្សាវរីយ៍នៅពេលមានកិច្ចប្រជុំការងារ ផ្សព្វផ្សាយឱ្យផុសផុលអំពីគុណតម្លៃក្រមាតាមប្រព័ន្ធឌីជីថល ដែលពុំសូវផ្ដោតលើតម្លៃក្រមា និងលោកតែងតែបង់ក្រមានៅនឹងកជានិច្ច។ ជាមួយគ្នានេះ លោកថ្លែងទៀតថា ក្រោយមក ក្រមាខេត្តតាកែវ ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន តាមអនឡាញ ខណៈដែលលោកទើបតែបើកអាជីវកម្មចែកចាយក្រមាតាមអនឡាញ នៅដើមឆ្នាំ២០២៣ នេះ។
ទន្ទឹមនឹងនេះ លោកផាន បូរ៉ា បន្តលើកឡើងថា លោកជួយចែកចាយក្រមានេះ ដោយមានទិសដៅរកចំណូលក្នុងមួយខែរកឱ្យបានត្រឹម ១០០០ដុល្លារអាមេរិក ប៉ុន្តែពេលខ្លះទទួលចំណូលបានលើស ១០០០ដុល្លារអាមេរិកក៏មានដែរ។ នៅក្នុងនោះ ក្រមាខ្មែរខេត្តតាកែវ ដែលលោកយកមក មានតម្លៃចាប់ពី ៣ដុល្លាររហូតដល់ ៥០ដុល្លារ ដែលក្រមាតម្លៃ ៣-៤ដុល្លារ ជាក្រមាអនុស្សាវរីយ៍ដាក់តាមរោងការ។
ក្រៅពីជាម្ចាស់អាជីវកម្មចែកចាយក្រមាខ្មែរខេត្តតាកែវ លោកផាន បូរ៉ា ជាអគ្គនាយកក្រុមហ៊ុន Nature Top Cosmetics អគ្គនាយកក្រុមហ៊ុន T.K Business Consulting Co.,LTD អគ្គនាយកក្រុមហ៊ុន CSCP CONSTRUCTION CO.,LTD និងជាសមាជិកសភាពាណិជកម្មជាដើម ហើយ លោកក៏ជាអាជីវករលក់ហូលផាមួងខ្មែរ អស់រយៈពេល ២០ឆ្នាំមកហើយផងដែរ។
គួររម្លឹកបន្តិចថា ក្រមាខ្មែរ បានធ្វើឱ្យអន្តរជាតិស្គាល់កាន់តែច្រើន បន្ទាប់ពីបានជាប់ឯកទគ្គកម្មពិភពលោកជាក្រមាវែងជាងគេ ដែលមានប្រវែង១០០០ម៉ែត្រ ត្រូវបានគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) វាស់វែង និងពិនិត្យយ៉ាងល្អិតល្អន់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នូវសមិទ្ធផលថ្មីមួយប្រកបដោយមោទនភាពខ្ពស់ និងជាកិត្តិយសជាតិថ្មីមួយទៀត ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើង៕