កិច្ចព្រមព្រៀង RCEP កំពុងបង្កើតកម្លាំងជំរុញថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់

អន្តរជាតិ

ចាប់តាំងពីបានចូលជាធរមាននៅដើមឆ្នាំ ២០២២ មក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយជំរុញយ៉ាងខ្លាំង នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាការពង្រឹងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ រួមទាំងការបង្កើតកម្លាំងជំរុញថ្មី សម្រាប់កំណើនពាណិជ្ជកម្ម​ ការវិនិយោគទាំងនៅក្នុងតំបន់ និងពិភពលោកផងដែរ។ នេះបើតាមអត្ថបទមួយ ដែលបានចេញផ្សាយសារព័ត៌មានហុងកុង Zhongguopinglun ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អត្ថបទនេះ បានធ្វើការដកស្រង់សម្តីរបស់លោក Oramon Subthawitham ដែលជាអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ របស់ក្រសួងពាណិជ្ជកម្មថៃ ដែលបាននិយាយថា តម្លៃនៃការនាំចេញសរុបរវាងប្រទេសថៃ និងប្រទេសសមាជិក RCEP បានកើនឡើងដល់ជាង ៥០% នៃពាណិជ្ជកម្មបរទេសសរុបរបស់ថៃ ។

លើសពីនេះ លោក Subthawitham បានបន្ថែមទៀតថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP នេះ គឺបានផ្តល់ឥទ្ធិពលយ៉ាងខ្លាំង ក្នុងការជួយជំរុញដល់ពាណិជ្ជកម្មរវាងប្រទេសថៃ​និងប្រទេសជាសមាជិក RCEP ផ្សេងទៀត។

ដោយឡែក បើតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាវិញ ក៏បានបង្ហាញផងដែរថា នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ កន្លងទៅ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសជាសមាជិក RCEP បានកើនឡើងជិត ១០% ។

មិនតែប៉ុណ្ណោះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា ​ឯកឧត្តម​ ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកក្តាដ៏សំខាន់ ក្នុងការជួយជំរុញដល់កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជា ។

ទន្ទឹមនឹងនេះ សម្រាប់វៀតណាមវិញ ការនាំចេញគ្រឿងសមុទ្ររបស់ខ្លួន ក៏បានកើនឡើងផងដែរ ដោយសារតែកិច្ចព្រមព្រៀង RCEP ដោយប្រទេសនេះ បាននាំចេញ ទៅកាន់ប្រទេសសមាជិក RCEP មានចំនួនជាង ៦៣% ។

លើសពីនេះ យោងតាមស្ថិតិពីរដ្ឋបាលទូទៅនៃគយចិន (GACC) បានបង្ហាញឱ្យដឹងថាការនាំចេញសរុបរបស់ប្រទេសខ្លួន ជាមួយដៃគូ RCEP ក្នុងឆ្នាំ ២០២២ បានឈានដល់ជាង ១,៩ ទ្រីលានដុល្លារ ពោលគឺបានកើនឡើង ៧,៥% ធៀបនឹងឆ្នាំមុន ឬស្មើនឹង ៣០,៨% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ចិន ។

យ៉ាងណាមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ លោកស្រី Rebecca Greenspan បាននិយាយថា កិច្ចព្រមព្រៀង RCEP បានរួមចំណែកយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងបរិបទដែលកំពុងមានការថយចុះកំណើនសេដ្ឋកិច្ចជាសកល រួមទាំងការកើនឡើងនៃថ្លៃដើមពាណិជ្ជកម្ម និងការរាំងស្ទះនៃខ្សែសង្វាក់ផ្គត់ផ្គង់ ។

សូមជម្រាបជូនឱ្យដឹងផងដែរថា RCEP មានប្រទេសជាសមាជិកចំនួន ១០ មកពីអាស៊ាន ដោយមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម រួមជាមួយនឹងដៃគូពាណិជ្ជកម្មចំនួន ៥ ផ្សេងទៀត មានដូចជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។ ហើយវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយរបស់ពិភពលោក ៕