លោក វ៉ី សំណាង៖ បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៣៨៣កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ អះអាងថា កំពង់ស្ពឺចាប់ផ្តើមមានសកម្មភាព និងគម្រោងជាច្រើនរបស់អ្នកវិនិយោគទាំងក្នុង និង ក្រៅស្រុកចាប់អារម្មណ៍ខ្លាំង ពិសេសចាប់តាំងពីដំណឹងនៃការរើរោងចក្រទាំងអស់ក្នុងរាជធានីភ្នំពេញទៅខេត្តកំពង់ស្ពឺត្រូវបានបង្ហើប។ទន្ទឹមគ្នានេះ គិតមកដល់បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៣៨៣ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣  លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងផ្នែករោងចក្រ សហគ្រាស ដែលបច្ចុប្បន្នគិតសរុបមានចំនួន ដល់ទៅ៣៨៣កន្លែង ហើយមានកម្មករ និយោជិតសរុប ១៥៥.៧៦១នាក់ ស្រី ១១៥.៥២២នាក់។  

លោកបានបញ្ជាក់បន្តថា ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់ និងស្បែកជើងចំនួន ១៨៩កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ ស្រី ១១០,៨៤៣នាក់។ ជាមួយគ្នានេះ ក៏មានរោងចក្រធុនធំចំនួន ២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុប ១.៧១៤.៨៣៦.០០០ ដុល្លាសហរដ្ឋ អាមេរិក។ រោងចក្រធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួន ១,១៣០ មូលដ្ឋាន ទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ដុល្ល ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០នាក់ ស្រីចំនួន ៧.៧០០នាក់។

បើទោះជាខេត្តកំពង់ស្ពឺ ទទួលបានភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមកក្តី បើតាមលោក វ៉ី សំណាង អះអាងថា រដ្ឋបាលខេត្តកំពុងទាក់ទាញក្រុមហ៊ុនវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេសមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត ដើម្បីបង្កើតការងារធ្វើ និងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ ពិសី