ថៃរំពឹងថា ប្រជាជនខ្លួនអាចនឹងចាយលុយជាង ៧១លានដុល្លារ អំឡុងបុណ្យនៃក្តីស្រលាញ់ខាងមុខ

អន្តរជាតិ

ថ្មីៗនេះ យោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញឱ្យដឹងថា ការចំណាយទៅលើពិធីបុណ្យនៃក្តីស្រឡាញ់ នៅក្នុងប្រទេសថៃ នាថ្ងៃទី ១៤ ខែកុម្ភ: ខាងមុខនេះ ត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ជាង ៧១លានដុល្លារ ពោលគឺកើនឡើង ៥៧,១% ធៀបទៅនឹងឆ្នាំមុន ហើយក៏ជាអត្រាកំណើនជាលើកដំបូង ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយនេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ លោក Thanavath Phonvichai ប្រធាន UTCC និងជាប្រធានទីប្រឹក្សាមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងពាណិជ្ជកម្ម បាននិយាយថា ការវាយតម្លៃទៅលើថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្រាប់ឆ្នាំ ២០២៣ នេះ ជាមួយនឹងការសួរសំណួរទៅកាន់មនុស្សចំនួន ១ ២៥៥ នាក់ បានបង្ហាញថា ក្រុមមនុស្សដែលស្ថិតនៅចន្លោះវ័យ ១៣ ឆ្នាំ ដល់ ២៣ ឆ្នាំ មានការយកចិត្តទុកដាក់ខ្ពស់ចំពោះពិធីបុណ្យនេះ។ ហើយពួកគេចង់ចំណាយលុយ ដើម្បីទិញអំណោយ និងធ្វើសកម្មភាពផ្សេងៗ ដូចជាការទិញផ្កា ទទួលទានអាហារពេលល្ងាច ទៅមើលកុន និងទៅលេងផ្ទះគូស្នេហ៍របស់ពួកគេជាដើម។ ហើយសម្រាប់ការចំណាយក្នុងចំណោមពួកគេ គឺ ១ ១០០ បាត ក្នុងមួយនាក់។

យ៉ាងណាមិញ បើគិតអំពីការចំណាយជាធម្យមវិញ គឺមានចំនួន ១ ៨៤៨ បាត ក្នុងមនុស្សម្នាក់ ដែលជាការកើនឡើងពីចំនួន ១ ១៧៦ បាត កាលពីឆ្នាំ ២០២២ ដោយសារតែមានការកើនឡើងទៅលើតម្លៃចំណីអាហារ និងសេវាកម្មផ្សេងៗ។

គួរឱ្យដឹងថា នេះក៏ជាលើកទីមួយផងដែរ ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ ដែលការចំណាយ នៅក្នុងថ្ងៃពិធីបុណ្យនៃក្តីស្រឡាញ់ បានកើនឡើង បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេថៃ បានធ្លាក់ចុះ នៅក្នុងឆ្នាំ ២០១៩ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម និងវិបត្តិកូវីដ-១៩ ដែលកំពុងបន្ត ។

លើសពីនេះ គេសង្កេតឃើញថា ប្រជាជនថៃ បានធ្វើការចំណាយប្រាក់យ៉ាងច្រើនរួចទៅហើយ នៅក្នុងខែមករា ក្នុងការប្រារព្ធពិធីជាច្រើន ដូចជាបុណ្យចូលឆ្នាំសកល និងបុណ្យចូលឆ្នាំចិនជាដើម ហើយសម្រាប់ទិវានៃក្តីស្រឡាញ់ នៅពេលដ៏ខ្លីខាងមុខនេះ គេរំពឹងថា នឹងកាន់តែមានភាពរស់រវើកបន្ថែមទៀត ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ៕