ឧកញ៉ា ម៉េន កានី៖ មកពីស្រុកកំណើត ទៅវិញឱ្យមានកំណើត

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD និងជាស្ថាបនិកគម្រោង បុរី GM ផ្លូវ ៥១ ​​បាន​បង្កើត​ពាក្យ​ស្លោក​មួយ​ ដើម្បី​ជា​ការ​ដាស់តឿន​​​​​​ដល់​ខ្លួន​ឯង ​​តាំង​ពី​រូប​​លោក​នៅ​វ័យ​សិក្សា ​​ដែល​ពាក្យ​ស្លោក​​ដ៏​មាន​អត្ថន័យ​នោះ​គឺ “មកពីស្រុក​កំណើត ទៅ​វិញ​ឱ្យ​មាន​កំណើត”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​​រំឭក​ពី​ពាក្យ​ស្លោក​ខាង​លើ​នេះ ​​គឺ​ក្នុង​ឱកាស​ដែល​លោក​ឧកញ៉ា ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​សិស្សានុ​សិស្ស​​ជា​ច្រើន​នៅ​សាលា​មួយ​ ដែល​លោក​ឧកញ៉ា ធ្លាប់​បាន​​​សិក្សា​​កាល​នៅ​ពីក្មេង។ កាលពីកុមារភាព អំឡុងឆ្នាំ ១៩៩០ជាង លោកឧកញ៉ា ម៉េន កានី បានសិក្សាថ្នាក់បឋម នៅសាលាបឹងប្រីយ៍ ក្នុងឃុំពន្សាំង ស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈ​ដែល​បច្ចុប្បន្ន កាត់ទៅជាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកឧកញ៉ា ​បង្ហើប​ឱ្យ​ដឹង​ថា កាលគ្រានោះ គ្រួសារលោកពិតជាមានជីវភាពក្រលំបាកណាស់ សូម្បីតែ​កង់ក៏​គ្មានជិះ​ដែរ។ ជារៀងរាល់ថ្ងៃ កុមារា ម៉េន កានី ត្រូវដើរទៅរៀននៅសាលាបឋមខាងលើ ទាំងទៅទាំងមក ចម្ងាយ​ជិត ៨គីឡូម៉ែត្រ។

យ៉ាងណាមិញ ​​ក្រោយ​ជោគជ័យ​ក្នុង​​មុខជំនួញ និង​មានគោរមងារ​ដល់​ «ឧកញ៉ា» ​​លោក​ឧកញ៉ា ម៉េន កានី ​ក៏​តែង​តែ​គោរព​ដឹងគុណ ចេះតបស្នងគុណដល់មនុស្ស លោកគ្រូ អ្នកគ្រូ​ និងទីកន្លែងណា ដែលធ្លាប់ជាថ្នាល​បណ្ដុះ​បណ្ដាលខ្លួន តាំង​ពីចំណុចចាប់ផ្ដើមដំបូងបំផុត។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា បានសាងសង់ផ្លូវប៉េតុងក្នុងសាលាមួយខ្សែ ជាការសម្ដែងការដឹងគុណ ជូនលោកគ្រូអ្នកគ្រូ និងសាលាបឋម​សិក្សា​បឹងប្រីយ៍ ដែលជាគ្រឹះស្ថានអប់រំទី១ ផ្ដល់ចំណេះដឹងដល់លោកឧកញ៉ា កាលពីកុមារភាព៕