ចិន បញ្ជាក់ច្បាស់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងសាងសងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងក្រុមហ៊ុនធំៗរបស់ចិនទាំង៣ ជាមួយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលរសៀលថ្ងៃទី៩ ខែកុម្ភៈ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចគ្រោងនឹងសាងសងនៅពាក់កណ្តាលឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ ក្រុមហ៊ុនទាំងអស់ បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិនទាំង៣ ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូច្នេះថា៖ «ការសាងសង់ និងដាក់ឱ្យប្រតិបត្តិផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧»។ 

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិនខាងលើនោះ រួមមាន៖ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group Limited គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។ 

គួរបញ្ជាក់ថា បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រកាស គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

គម្រោងនេះ ក៏រួមបញ្ចូលទាំងការសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេមេគង្គប្រវែងប្រមាណ៥គ.ម គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ១៦៣៨លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ពិសី