កាលពីពេលថ្មីៗនេះ លោក Eric Yuan ស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Zoom បានប្រកាសថា នឹងកាត់បន្ថយប្រាក់ខែរបស់លោករហូតដល់ ៩៨% បន្ទាប់ពីបញ្ឈប់បុគ្គលិកប្រមាណ ១ ៣០០ នាក់ និងចាត់ទុកថាវាជាកំហុសរបស់លោក ដែលធ្វើឲ្យបុគ្គលិកទាំងនោះបាត់បង់ការងារ។
“ក្នុងនាមជា CEO និងជាស្ថាបនិកនៃ Zoom ខ្ញុំទទួលស្គាល់ថាវាជាកំហុសរបស់ខ្ញុំ ហើយខ្ញុំនឹងរ៉ាប់រងវាគ្រប់បែបយ៉ាង។ ខ្ញុំធ្វើបែបនេះ គឺដើម្បីបង្ហាញថា ខ្ញុំមិនមែនបានតែនិយាយ ប៉ុន្តែខ្ញុំនឹងបង្ហាញឲ្យគ្រប់គ្នាដឹងតាមរយៈទង្វើរបស់ខ្ញុំ”។ នេះបើតាមសម្ដីរបស់ Eric បានលើកឡើង។
សូមជម្រាបដែរថា យោងតាមការចុះផ្សាយពី Bloomberg ប្រាក់ខែគោលរបស់ Eric កាលពីឆ្នាំទៅគឺ ៣០១ ៧៣១ ដុល្លារ ប៉ុន្តែលោកនឹងទទួលបានត្រឹម ១០ ០០០ ដុល្លាវិញនាឆ្នាំនេះ បន្ទាប់ពីប្រកាសកាត់បន្ថយប្រាក់ខែសឹងតែទាំងអស់។
ដោយឡែក សម្រាប់ប្រធានផ្នែកធំៗផ្សេងទៀតប្រចាំក្រុមហ៊ុន ក៏នឹងត្រូវកាត់បន្ថយប្រាក់ខែ ២០% ក៏ដូចជាបោះបង់ប្រាក់បន្ថែមសម្រាប់ឆ្នាំ ២០២៣ នេះផងដែរ។
គួររំលឹកដែរថា ស្ថាបនិក Zoom បច្ចុប្បន្នគឺមានទ្រព្យសម្បត្តិប្រមាណជិត ៤ ពាន់លានដុល្លារ៕