ធ្មិចបើកៗ សង្គ្រាមនៅអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេលជិត ១ ឆ្នាំ ហើយទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែទទួលរងការខាតបង់ធ្ងន់ធ្ងររៀងៗខ្លួន។
សង្គ្រាមមួយនេះក៏បានចំណាយលុយអស់រាប់រយពាន់លានដុល្លារផងដែរ បើគិតទាំងជំនួយដែលអ៊ុយក្រែនទទួលបានពីលោកខាងលិច និងការចំណាយរបស់រុស្ស៊ី។
យោងតាមការចុះផ្សាយពី The Hill បានឲ្យដឹងថា រយៈពេល ៩ ខែតំបូងនៃការផ្ទុះសង្គ្រាម រុស្ស៊ីចាយលុយអស់ប្រហែល ៨២ ពាន់លានដុល្លារ ឬប្រមាណ ១/៤ នៃចំណូលដែលរដ្ឋាភិបាលមូស្គូទទួលបានកាលពីឆ្នាំ ២០២១។
ដោយឡែក Forbes ក៏បានរាយការណ៍ទៀតថា ក្នុងទំហំទឹកប្រាក់ជាង ៨០ ពាន់លានដុល្លារនោះ រុស្ស៊ីចាយលើសព្វាវុធប្រមាណ ២៩ ពាន់លានដុល្លារ ចំណាយជិត ១៦ ពាន់លានដុល្លារលើប្រាក់ខែកងទ័ព ប៉ះប៉ូវក្រុមគ្រួសារទាហានដែលស្លាប់ក្នុងសមរភូមិច្រើនជាង ៩ ពាន់លានដុល្លារ ខណៈចំណាយលើក្រុមគ្រួសារទាហានដែលមានរបួសប្រហែល ៧,៧ ពាន់លានដុល្លារ និងការខូចខាតឧបករណ៍យោធាប្រមាណ ២១ ពាន់លានដុល្លារ។
បើទោះជាចំណាយអស់ច្រើនបែបនេះក្ដី ប៉ុន្តែរុស្ស៊ីក៏ទទួលបានផលប្រយោជន៍ច្រើនពីសង្គ្រាមដូចជា រដ្ឋាភិបាលទទួលបានទឹកប្រាក់ប្រហែល ១ ពាន់លានដុល្លាររៀងរាល់ថ្ងៃ ពីការលក់ប្រេង និងឧស្ម័ន ដែលច្រើនលើសលុបសម្រាប់ទ្រទ្រង់ការចំណាយលើសង្គ្រាមនៅអ៊ុយក្រែន។
ខុសប្លែកពីរុស្ស៊ី អ៊ុយក្រែនកំពុងមានផលវិបាកក្នុងការទប់ទល់នៅក្នុងសង្គ្រាម ដ្បិតឧបករណ៍យោធាក៏មានតិចតួច ហើយជាមធ្យមអ៊ុយក្រែនត្រូវចំណាយ ១០ ពាន់លានដុល្លាររៀងរាល់ខែទៅលើសង្គ្រាមមួយនេះ។
សូមជម្រាបដែរថា The Hill ព្យាករថា រុស្ស៊ីមានទុនបម្រុងបរទេសរហូតដល់ ៥៤៩ ពាន់លានដុល្លារ ហើយបើទោះជាពាក់កណ្ដាលនៃទឹកប្រាក់ទាំងនោះត្រូវបានបង្កកក្ដី ប៉ុន្តែពួកគេលក់តែប្រេង ក៏អាចផ្គត់ផ្គង់កងកម្លាំងលើការធ្វើសង្គ្រាមមួយនេះបានដោយធូរ៕