ធនាគារ អេស ប៊ី អាយ លី ហួរ (SBI LY HOUR Bank) របស់អ្នកឧកញ៉ា លី ហួរ បានឈ្នះពានរង្វាន់ទទួលស្គាល់ពីភាពឥតខ្ចោះ ចំនួន២ ប្រចាំឆ្នាំ២០២២ ពីក្រុមហ៊ុន វីសា។
ពានរង្វាន់ទាំងពីរ ដែលធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបាននោះ គឺ “Rising Star of Risk Management 2022” និង “The Inspirational Payment Volume Growth 2022”។ ពានរង្វាន់នេះ ត្រូវបានក្រុមហ៊ុន វីសា (VISA) ទទួលស្គាល់ពីភាពល្អឥតខ្ចោះ នៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងការកើនឡើងនូវចំនួនទូទាត់ឌីជីថលប្រចាំឆ្នាំ២០២២។
គួរបញ្ជាក់ថា អ្នកឧកញ៉ា លី ហួរ បានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នៅឆ្នាំ២០១២។ ក្រោយមក នៅឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ត្រូវបានប្តូរឈ្មោះទៅជា “ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក” (SBI Ly Hour Bank) បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានផ្តល់ជូន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន ព្រមទាំងសាធារណជនទូទៅ។
យ៉ាងណាមិញ ក្រោយទទួលបាននូវពានរង្វាន់ខាងលើនេះ ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែប្តេជ្ញាពង្រឹងសក្តានុពលរបស់ខ្លួន ដើម្បីបន្តនាំមកនូវសេវាធនាគារដ៏សម្បូរបែប និងទំនុកចិត្ត ដែលស្របនឹងតម្រូវការទីផ្សារ និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុត សម្រាប់ប្រជាជនកម្ពុជា៕