សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល ៣ថ្ងៃ ដើម្បីសំណេះសំណាល និងពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។
ក្នុងកិច្ចពិភាក្សាថ្ងៃតំបូងនេះ សម្ដេច ហ៊ុន សែន បានលើកយកប្រធានបទគម្រោងសាងសង់ផ្លូវរថភ្លឿងល្បឿនលឿនភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ប្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ Techo International Airport។
ប្រធានបទមួយនេះត្រូវបានជជែក ពេលដែលអ្នកតំណាងក្រុមហ៊ុនចិន ៣ គឺ China Road and Bridge Corp (CRBC), Beijing Urban Construction Group Co Ltd (BUCG) និង China Metro Group Ltd បានចូលជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី ០៩ កុម្ភៈ។
បន្ថែមពីនោះ អ្នកតំណាងក្រុមហ៊ុនធំៗទាំង ៣ ក៏បានបញ្ជាក់ទៀតថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងចាប់ផ្ដើមបើកការសាងសង់នៅពាក់កណ្ដាលឆ្នាំ ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ ២០២៧ ក្រោមក្រោមភាពជាដៃគូសាធារណៈ និងឯកជន។
ពួកគេក៏បានជម្រាបជូនលោក ហ៊ុន សែន អំពីវឌ្ឍនភាពដែលធ្វើឡើងលើគម្រោងដឹកជញ្ជូនផ្លូវទឹក ការបណ្តាក់ទុនប្រព្រឹត្តិកម្មទឹកសំណល់ក្នុងខេត្តព្រះសីហនុ ការសិក្សាលើផ្លូវល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងផ្លូវរថភ្លើងល្បឿនលឿនធន់ “ស្រាល” ក្នុងខេត្តសៀមរាប ដែលតភ្ជាប់ទៅអាកាសយានដ្ឋានថ្មីនេះ។
អ្នកតំណាងទាំង ៣ ក៏បានលើកឡើងពីតួនាទីរបស់ខ្លួន ក្នុងការសាងសង់អគារវិទ្យាស្ថានសាធារណការ និងដឹកជញ្ជូនតេជោសែន (TSI) កម្ពស់ ៤ ជាន់ និងមានតម្លៃ ២,៥ លានដុល្លារ ដែលរួមមានការិយាល័យរដ្ឋបាល បន្ទប់រៀន បណ្ណាល័យ និងបន្ទប់ពិសោធន៍ដែលបំពាក់ដោយឧបករណ៍ពិសោធន៍ទំនើបៗផងដែរ៕