នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោកចំនួន ៧៤នាក់ មកពី ២១ កងឯកភាព នៃកងទ័ពជើងគោកនៅទូទាំងប្រទេស បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ប្រកបដោយជោគជ័យ ក្រោយសិក្សារយៈពេល ២ខែ ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបញ្ចប់ជំនាញវិទ្យុទាក់ទង និងដំឡើង ប្រព័ន្ធអង់តែន នឹងប្រើប្រាស់ជាប្រយោជន៍ ក្នុងកងអង្គភាពរបស់ខ្លួន។
ក្នុងឱកាសនោះ លោក ហេង សួរ បានកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀន សូត្ររហូតដល់ចប់វគ្គ ហើយទទួលបាននូវជំនាញបច្ចេកទេសវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែន ដែលជាវគ្គពិសេសមួយរៀបចំឡើងដោយមហាវិទ្យាល័យអេឡិចត្រូនិក និងដេប៉ាតឺម៉ងទូរគមនាគមន៍ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងការងារ ជឿជាក់ថា សិក្ខាកាមដែលបានមកទទួលការបណ្តុះ បណ្តាលនេះ ពិតជាបានទទួលនូវចំណេះដឹងថ្មីបន្ថែម និងចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់ លើការងារជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុង ការបំពេញ តួនាទី ក៏ដូចជាចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះ ជាមួយសហការីនៅតាម មូលដ្ឋាន កងទ័ពរបស់ខ្លួន។
ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញ ផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧ គ្រឹះស្ថានសិក្សា ផងដែរ។
ទន្ទឹមនឹងនោះ លោក ហេង សួរ បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៕