អំឡុងពេលជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់ និងគាំទ្រពេញទំហឹងលើគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់រដ្ឋាភិបាលចិន ហើយប្រជាជនកម្ពុជានឹងបន្តឈរជាមួយប្រជាជនចិន។
យោងតាមការចុះផ្សាយពី CCTV បានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានក្ដីសោមនស្សរីករាយជាខ្លាំង អំឡុងពេលជួបសំណេះសំណាលជាមួយប្រធានាធិបតីចិន នៅផ្ទះសំណាក់ Diaoyutai នៃទីក្រុងប៉េកាំង។
“ខ្ញុំពិតជាមានអារម្មណ៍រីករាយជាខ្លាំង ដែលក្លាយជាថ្នាក់ដឹកនាំបរទេសតំបូងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ បន្ទាប់ពីបុណ្យចូលឆ្នាំចិន។ មិនថាដំណើរទស្សនកិច្ចពេលនេះ ឬ ៣ឆ្នាំមុនឡើយ ខ្ញុំសូមផ្ដល់សារថា ប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំ ជាមួយប្រជាជនចិន”។ នេះបើតាមសម្ដីរបស់សម្ដេច ហ៊ុន សែន បាននិយាយនៅក្នុងកិច្ចប្រជុំ។
បន្ថែមពីនោះ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជានឹងប្រកាន់ជំហរ និងគាំទ្រពេញទំហឹងលើការការពារបូរណភាពទឺកដីរបស់ចិន ផ្នែកសន្តិសុខ និងការវិនិយោគ ក៏ដូចជាគាំទ្រលើគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” និងរួមគ្នាប្រឆាំងនឹងកម្លាំងខាងក្រៅ ដែលចូលជ្រៀតជ្រែងលើបញ្ហានៅហុងកុង ក្រុងស៊ីនជាំង និងតំបន់ទីបេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សង្ឃឹមថានឹងយកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ជាឱកាសមួយក្នុងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិនឱ្យកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងបក្ស និងអភិបាលកិច្ចរដ្ឋ កិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី និងស្រូវ” យ៉ាងសកម្ម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ដោយឡែក ប្រធានាធិបតីចិនក៏បានចង្អុលបង្ហាញថា ភាគីទាំងពីរអាចចាប់ផ្តើមពីវិស័យសំខាន់ៗចំនួន ៦ នៃគោលនយោបាយគឺ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ កត្តាប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ហើយខិតខំកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ពេជ្រប្រាំមួយជ្រុង” រវាងចិន និងកម្ពុជា៕