អាមេរិក បញ្ចេញកញ្ចប់ថវិកាជំនួយ ៨៥លានដុល្លារ ដល់តួកគី និងស៊ីរី ដែលរងគ្រោះរញ្ជួយដី

អន្តរជាតិ

ទីភ្នាកងារជំនួយមនុស្សធម៌ នៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក ថ្មីៗនេះ បានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្នុងទំហំទឹកប្រាក់ ៨៥លានដុល្លារ សម្រាប់ជនរងគ្រោះ ដោយសាររញ្ជួយដី នៅក្នុងប្រទេសតួកគី និងស៊ីរី ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់ជំនួយមូលនិធិតាមរយ:ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភវិឌ្ឍអន្តរជាតិ (USAID) នេះ នឹងត្រូវបញ្ជូនទៅដើម្បីផ្តល់ជាទីជម្រកសម្រាប់ជនរងគ្រោះ សម្ភារ:ផ្គត់ផ្គង់សម្រាប់ទប់ទល់ទៅនឹងអាកាសធាតុត្រជាក់ អាហារ ទឹក និងសេវាថែទាំសុខភាពជាដើម ។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ USAID បាននិយាយថា ខ្លួនក៏កំពុងផ្តល់ជំនួយផ្នែកអនាម័យ ដើម្បីរក្សាមនុស្សឱ្យមានសុវត្ថិភាពពីជំងឺផ្សេងៗ និងមានសុខភាពល្អ អំឡុងការជួយសង្គ្រោះទ្រង់ទ្រាយធំនេះផងដែរ ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលមកពីប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក ក៏បានសន្យាផ្តល់ជំនួយ និងក្រុមអ្នកអ្នកជួយសង្គ្រោះ ទៅកាន់ប្រទេសតួកគី និងស៊ីរី បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត ក្នុងកម្រិត ៧,៨ រិចទ័រ ដែលបានវាយប្រហារកាលពីថ្ងៃចន្ទ និងបានសម្លាប់មនុស្សជាង ២០ ០០០ នាក់ ។

ដោយឡែក សម្រាប់ប្រទេសកាណាដាវិញ បានសន្យាផ្តល់ទឹកប្រាក់ជំនួយ ៧,៤ លានដុល្លារផងដែរ ស្របពេលប្រទេសឥណ្ឌា អាល្លឺម៉ង់ កូរ៉េខាងត្បូង អ៊ីស្រាអ៊ែល និងប្រទេសជាច្រើនទៀត សុទ្ធសឹងតែបានបញ្ជូនក្រុមអ្នកជួយសង្រ្គោះរបស់ខ្លួន ទៅកាន់តំបន់រងគ្រោះទាំងនោះ ៕