ថ្មីៗនេះ យោងតាមនាយកដ្ឋានស្ថិតិរបស់ប្រទេសម៉ាឡេស៊ី បានបង្ហាញឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសរបស់ខ្លួន នៅឆ្នាំ ២០២២ បានឈានដល់ ៨,៧% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ២២ ឆ្នាំចុងក្រោយ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន VNA ។
មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ពីធនាគារកណ្តាលម៉ាឡេស៊ី (BNM) បានប្រកាសឱ្យដឹងថា កំណើន GDP សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២២ បានធ្លាក់ចុះបន្តិចមកនៅត្រឹម ៧% ប៉ុណ្ណោះ បើធៀបទៅនឹងកំណើន ១៤,២% ពីត្រីមាសមុន ។
ទន្ទឹមនឹងនេះ BNM បានកត់សម្គាល់ឃើញថា សកម្មភាពរបស់វិស័យឯកជន គឺបានចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់កំណើន GDP នៅក្នុងត្រីមាសទី ៤ ដោយសារតែតម្រូវការក្នុងស្រុកមានការកើនឡើង ក៏ដូចជាការនាំចេញអគ្គិសនី និងគ្រឿងអេឡិចត្រូវនិកផងដែរ ។
ដោយឡែកសម្រាប់កំណើនផលិផលសរុបក្នុងស្រុកសរុប សម្រាប់ពេញមួយឆ្នាំ ២០២៣ នេះវិញ រដ្ឋាភិបាលម៉ាឡេស៊ី រំពឹងទុកថាមានកំណើនត្រឹម ៤% ទៅ ៥% ប៉ុណ្ណោះ ដោយសារតែប្រទេសនេះ នៅតែអាចប្រឈមមុខជាមួយនឹងហានិភ័យ ដូចជាការកើនឡើងបន្ថែមទៀត នៃភាពតានតឹងលើភូមិសាស្រ្តនយោបាយ ការកើតឡើងវិញនៃផលរំខានខ្សែសង្វាក់ផ្គត់ផ្គង់ និងអត្រាការប្រាក់ខ្ពស់ នៅទូទាំងពិភពលោកផងដែរ ៕