ប្រធានាធិបតីអាល្លឺម៉ង់ នឹងមកបំពេញទស្សន​កិច្ចផ្លូវការ​នៅ​​កម្ពុជា នៅសប្តាហ៍ក្រោយនេះ

សង្គម​ និង​សេដ្ឋកិច្ច

តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ឋសភា នៃព្រះរាជា​ណា​ចក្រកម្ពុជា លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានា​​ធិប​​តីនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និង លោកជំទាវអែលឃើ បឿឌិនប៊ិនឌ័រ (Eike Búdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ​ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការ​​បរទេស​និង​សហ​​ប្រតិបត្តិការ​​អន្តរជាតិ នៅថ្ងៃទី ១០ ខែកុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ក្នុងអំឡុងពេលនៃ​​ដំណើរទស្សន​កិច្ច​​នេះ លោកប្រធានាធិបតី នឹងមានកិច្ច​សន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្ដេច​​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាព​​ផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផល​ប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

លោកប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេច​​ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយ​អាល្លឺម៉ង់ និងអញ្ជើញទៅ​ទស្សនាសារ​មន្ទីរប្រល័យ​ពូជសាសន៍ ទួលស្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនាពេលខាងមុខ របស់លោកប្រធានាធិបតីអាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹង​បើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាង​​ប្រទេសទាំងពីរនិងពង្រឹងបន្ថែម ទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់​ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕