កម្ពុជា-ចិន ចុះហត្ថលេខា​លើឯកសារកិច្ចព្រមព្រៀងសំខាន់​ៗ​ចំនួន១២

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ នោះរួមមាន ៖

១-កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិ បត្តិការ ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី រវាងក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសចិន ភាគីកម្ពុជាចុះហត្ថលេខាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយលោក ឈីន កាង(Qin Gang) រដ្ឋមន្រ្តីការបរទេស។

២-កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍ សាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ភាគីកម្ពុជាដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិភាគីចិនចុះហត្ថលេខាដោយលោក វ៉ាង វិន ថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

៣-ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ភាគីចិនចុះហត្ថលេខាដោយ លោក វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ភាគីកម្ពុជាចុះហត្ថលេខាដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ភាគីចិនចុះហត្ថលេខាដោយ លោក យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន(GACC)។

៥-អនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ភាគីចិនចុះហត្ថលេខាដោយ លោក សិន ហាយស្យុង (Shen Haixiong) អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិន។

៦-កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារស៊ីនហួ ភាគីកម្ពុជាចុះហត្ថលេខាដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ភាគីចិនចុះហត្ថលេខាដោយ លោក ហ្វូ ហ័រ (Fu Hua ) ប្រធានទីភ្នាក់ងារស៊ីនហួ ។

៧-សេចក្តីថ្លែងការណ៍រួម ស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ភាគីកម្ពុជាចុះហត្ថលេខាដោយលោកស្រីទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយលោក លី ឈិន (Li Qun) អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងជាប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។

៨-អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥ ភាគីម្ពុជាចុះហត្ថលេខាដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

៩-លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បង កិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាជំហានទី២ ភាគីម្ពុជាចុះហត្ថលេខាដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

១០-លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ភាគីម្ពុជាចុះហត្ថលេខាដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

១១-កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ខេត្តកំពង់ធំ ភាគីម្ពុជាចុះហត្ថលេខាដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយលោក លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

១២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ ភាគីម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយ លោក អ៊ូ ហ្វូលីន (Wu Fulin) ប្រធានធនាគារ អាហរណ៍ នីហ័រណចិន។

បន្ទាប់មកប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា ក៏អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុចប៊ូតុងដើម្បីបង្ហាញវីដេអូខ្លី ស្តីពីសកម្មភាពនៃពិធីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនផងដែរ៕