សម្តេច ហ៊ុន សែន អំពាវនាវធុរជនចិនត្រឡប់មកប្រកបអាជីវកម្មនៅកម្ពុជាវិញឱ្យបានច្រើនកុះករ

សង្គម​ និង​សេដ្ឋកិច្ច

ថ្លែងនៅក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍ការវិលត្រឡប់របស់អ្នកវិនិយោគ និងធុរជនចិន ប្រកបអាជីវកម្មនៅកម្ពុជា ឱ្យបានច្រើនកុះករលើសមុនពេលមានការផ្ទុះកូវីដ១៩។ ទន្ទឹមនឹងនោះសម្តេចតេជោបានអំពាវនាវដល់វិនិយោគិនចិន មិនទាន់បានមកកម្ពុជា សូមមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គិតត្រឹមចុងឆ្នាំ២០១៩ សម្រេចបានកំណើនក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ។ ជាមួយការ​កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមគួរកត់សម្គាល់។ ឈរលើមូលដ្ឋាននេះ កម្ពុជាបាន​ប្រែក្លាយខ្លួនទៅជាប្រទេស​មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ សមិទ្ធផលទាំងនេះ បានធ្វើឱ្យកម្ពុជាកំណត់ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេល​វែង​ឈានទៅជា​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់២០៣០ និងឈានទៅប្រទេសមានចំ​ណូលខ្ពស់នៅឆ្នាំ២០៥០ និងសង្ឃឹមចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច​នៅឆ្នាំ​២០២៧ ដោយបន្តពង្រឹងការអភិវឌ្ឍន៍ពាណិជ្ជកម្ម ដោយឈរលើមូលដ្ឋានស្មើមុខ ស្មើសិទ្ធិលើឆាកពាណិជ្ជកម្មអន្តរជាតិ តាមរយៈការកែទម្រង់ក្នុងប្រទេស និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា “កម្ពុជា ផ្តល់អាទិភាពខ្ពស់ក្នុងការទាក់ទាញវិនិយោគផ្ទាល់​ពីក្រៅប្រទេសសម្រាប់ការអភិវឌ្ឍន៍ និងកំពុងរៀបចំយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋាភិបាល​អាណត្តិទី៧។ រាជរដ្ឋាភិបាល បានដាក់ចេញ ហើយឱ្យអនុវត្តន៍នូវច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន សម្តៅជួយគាំទ្រដោយគ្មាន​ការរើស​អើងដល់វិនិយោគិនបរទេស ដែលសមាមាត្រតាមវិធានបរទេស”។

បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា បានវិនិយោគច្រើនលើការកសាងព្រលានយន្តហោះ ផ្លូវថ្នល់ ប្រព័ន្ធលូ និងរមណីយដ្ឋាននានាសម្រាប់វិស័យទេសចរណ៍។ កម្ពុជា ក៏បានដាក់ចេញវិធានការ​កែសម្រួល​ការធ្វើពាណិជ្ជកម្ម ការកែលំអរបរិយាកាសធុរកិច្ច ក៏ដូចជាគោលនយោបាយ។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំតំបន់សេដ្ឋកិច្ចពិសេស​ខេត្តព្រះ​សីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បន្ទាប់ពីការ​អភិវឌ្ឍន៍របៀង​ពាណិជ្ជកម្មបានជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បន្ថែមទៀតថា កម្ពុជា ជាប្រទេសតូច តែកម្ពុជាមានសេដ្ឋកិច្ចបើកចំហរផ្អែកលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ កម្ពុជា ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកអាស៊ាន និងភាគីនៃកិច្ចព្រមព្រៀងអរសិប ជាហត្ថលេខីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និងកំពុងពិនិត្យជាមួយដៃគូផ្សេងទៀត មានដូចជា អារ៉ាប់អេមីរ៉េត ដែលអាចសម្រេចជារូបរៀងក្នុងពេលឆាប់ៗខាងមុខនេះ៕