ថ្ងៃទីមួយនៃបេសកកម្មការទូត សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ចុះហត្ថលេខារួមគ្នា

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២រួចហើយ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចុះហត្ថលេខាជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ និងផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ២០២៣-២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ដែលចុះហត្ថលេខាដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ និងលោក សាលើមស គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនឡាវ។

ទន្ទឹមនឹងនោះ នៅក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅឡាវ នាថ្ងៃចន្ទនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ក្នុងនោះប្រមុខរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា នៅថ្ងៃខាងមុខកម្ពុជា នឹងមានគម្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងកម្ពុជា រវាងឡាវ និងរវាងកម្ពុជាជាមួយបណ្តាប្រទេសដដៃ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចតេជោក៏បានអះអាងដែរថា កម្ពុជា-ឡាវ ក៏បានពិភាក្សាពីគម្រោងលើកកម្ពស់នៅកិច្ចសហប្រតិបត្តការលើវិស័យទេសចរណ៍ តាមរយៈការភ្ជាប់ផ្លូវគោក និងផ្លូវអាកាសជាមួយគ្នា នៅតំបន់ទេសចរណ៍សំខាន់ៗ និងទៅតំបន់ទីក្រុងផងដែរ។

លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងដឹងថាឡាវ គឺជាធុងអាគុយអគ្គិសនីនៅតំបន់អាស៊ាន ខណៈកម្ពុជាក៏ជាទីផ្សារមួយ ដែលមានតម្រូវការអគ្គិសនីចេញពីឡាវ ដូច្នេះប្រទេស​ទាំង​ពីរ​បានផ្ដោតយកចិត្តទុកដាក់សហការគ្នា ទៅលើការអភិវឌ្ឍវិស័យថាមពល ទាំងបញ្ហាវារីអគ្គិសនី និងធ្យូងថ្មផងដែរ៕