សមាគមមិត្តភាពកម្ពុជា-ឡាវ ត្រូវបានបង្កើតឡើងដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចបង្កើតដំបូងនោះ បានបញ្ជាក់ថា សមាគមមិត្តភាពកម្ពុជា-ឡាវ មាន នាយឧត្ដមសេនីយ៍ នាង ផាត ជាប្រធាន, លោក ប៊ូ ឡាំ, លោក សោម រតនា, លោកស្រី ទួត បញ្ញា, លោក លី ហុង, អភិបាលខេត្តស្ទឹងត្រែង រតនគិរី ព្រះវិហារ ជាអនុប្រធាន និងលោក វ៉ាន់ លីហៀង ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន៥រូប រួមទាំងសមាជិក២០រូបផងដែរ។
សមាគមមិត្តភាពកម្ពុជា-ឡាវ ត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ហើយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២លោក នាង ផាត បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងជូន អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានត្រូវតែងតាំងជាអនុប្រធាន នៃសមាគមមិត្តភាពកម្ពុជា-ឡាវ។
សមាគមមិត្តភាពកម្ពុជា-ឡាវ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តរពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពរវាង ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រូវបានទទួលការតែងតាំងជា «អនុប្រធាន» សមាគមមិត្តភាពកម្ពុជា-ឡាវ។
សូមជម្រាបជូនថា នៅព្រឹឹកថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
បើតាមក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ អមដំណើរដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបសម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយ លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងលោក សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ ក៏ដូចជាទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។
ក្រសួងការបរទេស បញ្ជាក់ថា អំឡុងស្នាក់នៅប្រទេសឡាវ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ រួមទាំង សន្តិសុខ-នយោបាយ, សង្គម-សេដ្ឋកិច្ច និងផ្លាស់ប្តូរយោបល់លើ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែល មានផលប្រយោជន៍ និងជាក្តីបារម្ភរួម។ នៅក្រោយជំនួប ពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរ នឹងចុះហត្ថលេខាលើ «ផែនការសកម្មភាព សម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជា និងឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»៕