ឧកញ៉ា ថោង សារ៉ាត់ បើកក្រុមហ៊ុន “ប៉ាតេពុក” ធម្មជាតិ ១០០% ញ៉ាំហើយមានកម្លាំងដូចរឿងទិនហ្វី

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧកញ៉ា ថោង សារ៉ាត់ និងភរិយា ​​បាន​បើក​សម្ពោធ​ការ​លក់​ជា​ផ្លូវការ​នូវ​​​សាច់​ប៉ាតេ យីហោ «ពុក» នៃ​ក្រុមហ៊ុន​ប៉ាតេពុក របស់​លោក នៅផ្សារទំនើបម៉ាក្រូ រាជធានីភ្នំពេញ ​ដែល​ជាប្រភេទ​សាច់​ប៉ាតេ​ធម្មជាតិ​ ១០០% គ្មាន​ជាតិ​គីមី អាច​ញ៉ា​បាន​ទាំង​ចាស់​ទាំង​ក្មេង ជាពិសេស​ញ៉ាំ​ហើយ​​​អាច​មាន​កម្លាំង​ខ្លាំង ដូច​​ក្នុង​សាច់រឿង​ទិនហ្វី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ពិធី​សម្ពោធ​ការ​លក់​ខាង​លើ លោកឧកញ៉ា ថោង សារ៉ាត់ បាន​ថ្លែង​​ឱ្យ​ដឹង​ថា សាច់ប៉ាតេ ជាឈ្មោះ​ម្ហូបអាហារ​នៃ​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​ជិត​ខាង​យើង ​​ហើយ​យើង​​មិន​មាន​ឈ្មោះ​ក៏​ហៅ​ថា ប៉ាតេ ដូច​គេ​ដែរ​ទៅ ហើយ​ក្រុមហ៊ុន​របស់​លោក​បាន​បន្ថែម​ពាក្យ «ពុក» ដែល​មក​ពី​ពាក្យ «ឪពុក» ដែល​មាន​ន័យ​ថា ជា​ប៉ាតេ​របស់​លោក​ឪពុក ប៉ុន្តែ​ដើម្បី​កុំឱ្យ​វែងពេក ​លោក​សម្រេច​ហៅ​ថា «ប៉ាតេពុក»។

លោកឧកញ៉ា បាន​បន្ត​​ថា ការ​ដាក់​ឈ្មោះ​ថា «ប៉ាតាពុក» នេះ​ ក៏​ជា​ការ​​ដឹង​គុណ ​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​​ដូច្នេះ​ការ​ផលិត​ម្ហូបអាហារ​នេះ ​​ក៏​ស្រប​តាម​ការ​ចង់​បាន​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ដែល​ចង់​ឱ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​ប្រទេស​ផលិត ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ស្រុក និង​អន្តរជាតិ។ ដូច្នេះ​​លោក​ឧកញ៉ា និង​ភរិយា​ បាន​ខិតខំ​ណាស់ ព្រោះ​មុខរបរ​នេះ​ មានភាព​ហត់នឿយ​ខ្លាំង ដែល​ត្រូវ​ងើប​តាំងពី​ម៉ោង ២​​យប់ ដើម្បី​ធ្វើ​សាច់ប៉ាតេ​បាន។

លោកឧកញ៉ា ថោង សារ៉ាត់ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ធាតុផ្សំ​របស់​ប៉ាតេពុក ​មាន​តែ​២មុខគត់​គឺ សាច់​និង​អំបិល។ ប៉ាតេពុក​​ជា​របស់​ល្អ​ធម្មជាតិ (Organic) ១០០% ក្មេង​ចាប់ពី​ ៨ខែ អាចញ៉ាំ​បាន ចាស់​ជរា អ្នកជំងឺ ពិសារ​បាន​ទាំង​អស់។ លោកឧកញ៉ា បាន​បន្ថែម​ថា លោកហ៊ាន​ធានា​ថា ប៉ាតេពុក គ្មាន​បញ្ហា​​នោះ​ទេ មាន​តែ​ញ៉ាំ​ហើយ​មាន​កម្លាំង ដូច​ដែល​យើង​ធ្លាប់​មើល​រឿង​ទិនហ្វី​​យ៉ាង​ដូច្នោះ​ដែរ។ យ៉ាងណាមិញ លោក​ឧកញ៉ា បាន​បន្ត​ថា របស់​ធម្មជាតិ ដែល​ធ្វើ​ឡើង​តែ​ពីសាច់ និង​អំបិល គឺ​ពិបាក​ធ្វើ​ណាស់ ព្រោះ​វា​មិនមាន​អ្វី​ជំនួយ ដូចជា​ថ្នាំ​រក្សា​ការពារ តែបើ​យើង​ប្រើ​ថ្នាំ​ការពារ នឹង​អាច​នាំ​ឱ្យ​ខូច​សុខភាព ហើយ​គ្មាន​ពណ៌ ព្រម​ទាំង​ជ្រើសរើស​សាច់ជ្រូក​ដែល​បងប្អូន​ចិញ្ចឹម​នៅ​តាម​ជនបទ ដែល​ជា​សាច់ជ្រូក​ដ៏​មាន​គុណភាព​ខ្ពស់។

សូមជម្រាបជូនថា បើតាម​លោកឧកញ៉ា ថោង សារ៉ាត់ ប៉ាតេពុក ​មាន​ការ​ទទួល​ស្គាល់​ពី​ស្តង់ដា​ជាតិ និង​​ស្តង់ដា​អន្តរជាតិ ISO 22000 2018ផងដែរ ហើយ​​ក្រុមហ៊ុន​របស់​លោក បាន​បញ្ជូន​បុគ្គលិក​​ទៅ​សិក្សា​ក្រៅ​ប្រទេស​​​រាប់ខែ លើ​ការ​រក្សា​អនាម័យ និង​ប្រព័ន្ធ​គ្រប់គ្រង ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​​ទទួល​ស្គាល់​​កម្រិត​អន្តរជាតិ ISO៕​