វឌ្ឍនៈ ប៊្រូវើរី ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបំផុត និងទទួលបានលិខិតកោតសរសើរពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ដើម្បីធ្វើឲ្យមានតម្លាភាពចំណូលពន្ធអាករជាតិ និងការអភិវឌ្ឍនៈសេដ្ឋកិច្ច។ ដើម្បីបន្តលើកស្ទួយវប្បធម៌បង់ពន្ធនៅកម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំកម្មវិធីចាប់ឆ្នោត វិក្កយបត្រនាំសំណាង GDT Lucky Draw ជូនដល់សាធារណៈជនដែលបានថតវិក្កយបត្រទិញទំនិញក្នុងហាងនានា ចូលក្នុងកម្មវិធីទូរសព្ទដៃ GDT Lucky Draw App រួមជាមួយនឹងការប្រគំតន្ត្រីដ៏ធំនាថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ ត្រូវជាទិវានៃក្តីស្រឡាញ់ ដោយមានការចូលរួមពីកំពូលតារា ចម្រៀងអ្នកនាង ឪក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង សួស វីហ្សា កញ្ញា ឈិន រតនៈ លោក នាង ដារីន និងលោក ស៊ឹម ចាន់ពន្លឺ នៅសួនច្បារបទុមវតី ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ និងផេកផ្លូវការរបស់ផលិតផលទាំងអស់នៃក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី។
កម្មវិធី វិក្កយបត្រនាំសំណាង- GDT Lucky Draw នេះបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ហើយទទួលបានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកជាប់ពន្ធ និងសាធារណៈជន ក្នុងការកៀងគរព័ត៌មាន ក៏ដូចជាការពង្រឹងនូវអនុលោមភាពអាជីវកម្មថែមទៀត។
ការចូលរួមរបស់ វឌ្ឍនៈ ប៊្រូវើរី មិនត្រឹមតែបានឆ្លុះបញ្ចាំងពីអភិបាលកិច្ចសាជីវកម្មដ៏ល្អរបស់ក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដ៏ល្អសម្រាប់សហគ្រាសផ្សេងទៀតក្នុងការរួមចំណែក និងលើកស្ទួយវប្បធម៌បង់ពន្ធ១០០ភាគរយ ដែលជាកាយវិការនេះគឺជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ។