សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីបារម្ភជាថ្មីទៀតថា ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ការបង្ហាញក្តីបារម្ភជាថ្មីនេះ បន្ទាប់ពីសម្តេច សង្កេតឃើញថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវមានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែ មេសា បញ្ជាក់ដូច្នេះថា« ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
បន្ថែមពីនេះ សម្តេច ក៏បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាស់ការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថា ស្រុកយើងមិនអីទេនោះ។ សម្តេចបន្តថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលកម្ពុជា សូមឲ្យពលរដ្ឋ យកការព្រួយបារម្ភ និងភ័យខ្លាចនេះទៅជាការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានការអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ សិរីការ